Breaking News

សមត្ថកិច្ច ជំនាញកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កំណត់អត្តសញ្ញាណជនសង្ស័យ

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រ ASEAN DAILY 24 ម៉ោង បានចុះផ្សាយវីដេអូឃ្លីប អមដោយខ្លឹមសារថា «ជនរងគ្រោះដែលរងការកាប់ប៉ុនប៉ងឃាតកម្ម នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ស្នើរសុំជួយរកយុត្តិធម៌ ពីសំណាក់ថ្នាក់ដឹកនាំ»។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាឱ្យផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ស្រាវជ្រាវ បំភ្លឺករណីខាងលើ ជាលទ្ធផល៖ករណី ហិង្សាដោយចេតនា កើតហេតុ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៨:០០នាទី នៅចំណុច ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមការរៀបរាប់របស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ខ្លួនធ្លាប់មានទំនាស់ទាស់ពាក្យសម្តីជាមួយមិត្តភ័ក្រ្តរបស់ឈ្មោះ ផល្លី មិនស្គាល់ឈ្មោះ ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រហ្គោហ្វេម។ បន្ទាប់មកឈ្មោះ ផល្លី បានប្រើពាក្យសម្តីគំរាមទៅលើជនរងគ្រោះថាពេលចេញពីធ្វើការ អាញ់នឹងកាប់ហែងឱ្យបាន។ លុះព្រឹកឡើងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង០៥ព្រឹក ជនរងគ្រោះមកចូលធ្វើការជាសន្តិសុខនៅរោងចក្រហ្គោហ្វេមដូចសព្វដងហើយបានឈ្លោះទាស់ពាក្យសម្តីគ្នាជាមួយកម្មករឡមួយម៉ាត់ពីរម៉ាត់ក៏ចូលធ្វើការរៀងខ្លួនទៅ។ រហូតដល់វេលាម៉ោង ១៧:០០នាទី ឈ្មោះ ផល្លី បានសុំចេញពីធ្វើការមុន (ដោយស្កេនមេដៃចេញ) ហើយជនរងគ្រោះបានឈរនៅពីក្រោយ បន្ទាប់មកឈ្មោះ ផល្លី បានជិះម៉ូតូចេញទៅបាត់ មួយ សន្ទុះក្រោយមកជនរងគ្រោះក៏បានបណ្តើរម៉ូតូចេញពីក្នុងរោងចក្រតាមក្រោយមករកសាំងចាក់ម៉ូតូ មកដល់ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណដូចបានរៀបរាប់ខាងលើជិះម៉ូតូយកកាំបិតមកកាប់ជនរងគ្រោះត្រូវចំក្បាលដាច់ហូរឈាមរួចជិះគេចខ្លួនបាត់។

ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍បានចុះស្រាវជ្រាវជុំវិញកន្លែងកើតហេតុ។

តាមការរៀបរាប់របស់ឈ្មោះ ណាំង ផល្លី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ បានរៀបរាប់ប្រាប់សម្ថកិច្ចថា រូបគាត់និងជនរងគ្រោះ ធ្លាប់មានទំនាស់ពាក្យសម្តីជាមួយគ្នាតែម្តងគត់ពីរឿងជិះម៉ូតូយកចានស្រាក់ទៅដាក់ម្ហូបឱ្យចិន តែជនរងគ្រោះមិនឱ្យជិះម៉ូតូចូល ដោយរុញប៉ារ៉ាស់បិទផ្លូវ បានមួយសន្ទុះក្រោយមកក៏បើកប៉ារ៉ាស់ឱ្យខ្លួនជិះចូលវិញប្រាកដមែន។

កម្លាំងផ្នែកជំនាញ​ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលសិត្បូ បាននឹងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់កំណត់អត្តសញ្ញាណជនសង្ស័យ ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់។

អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាប !

Check Also

លោកឧត្តមសេនីយ៍ទោខាន់ លីណា ត្រូវបានបន្ថយឋានន្តរស័ក្តិ មកត្រឹមពលបាលត្រី

Leave a Reply

Your email address will not be published. Required fields are marked *