Breaking News

រដ្ឋបាលខេត្តត្បូងឃ្មុំ ធ្វើពិធីសូត្រមន្តចូលឆ្នាំប្រពៃណីជាតិខ្មែរ សុំជ័យមង្គល និងលើកទឹកចិត្តដល់មន្ត្រីរាជការ ចំណុះសាលាខេត្ត ក្នុងឱកាសមុន ពិធីបុណ្យចូលឆ្នាំថ្មី ជិតចូលមកដល់

ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី៨ ខែមេសាឆ្នាំ២០២២ ក្នុងឱកាសមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្តត្បូងឃ្មុំបានប្រារព្ធពិធីសូត្រមន្តចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត សុំជ័យមង្គល និង ជយន្តោ ប្រស់ព្រំលើករាសី សិរីមង្គល ដល់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តនិង មន្ត្រីរាជការចំណុះសាលាខេត្ត សូមទទួលបាននូវ សេចក្តីសុខ សេចក្ដីចម្រើន ក៏ដូចជាសុំឱ្យម្ចាស់ទឹកម្ចាស់ដី ទេវតាឆ្នាំថ្មីជួយបីបាច់ថែរក្សា ការពារ ថ្នាក់ដឹកនាំក្នុងខេត្តគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និង ប្រជាពលរដ្ឋនៅទូទាំងខេត្តត្បូងឃ្មុំទាំងមូល សូមជួបប្រទះនូវ សេចក្តីសុខ សេចក្តីចម្រើន ដើម្បីឱ្យខេត្តត្បូងឃ្មុំបន្តអភិវឌ្ឍន៍ រីកចម្រើនថែមទៀត។

បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត នាឱកាសនោះ  ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តទាំងមូលក៏ដូចជាមន្ត្រីរាជការ ទាំងអស់ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ច និងការងារកន្លងមក ពិសេសត្រូវយកចិត្តទុកដាក់ អនុវត្តភារកិច្ច ការងារក្នុងឆ្នាំថ្មីឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ទន្ទឹមនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បាន ក្រើនរំលឹក ដែរថាសូមឱ្យមន្ត្រីយើងទាំងអស់ត្រូវបន្តវិធានការ ៣ ការពារ ៣ កុំ ឱ្យបានខ្ជាប់ខ្ជួនថែមទៀតដើម្បីបង្ការនិងទប់ស្កាត់ពីការឆ្លងជំងឺកូវីដ ១៩ ឱ្យខានតែបាន ក្នុងឱកាសនៃការឈប់សម្រាក ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរឱ្យមន្ត្រីយើងទាំងអស់ ត្រូវបន្តថែទាំសុខភាព និងសុវត្ថិភាពខ្លួនឯង និងក្រុមគ្រួសារ ឱ្យបានល្អក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងខាងមុខនេះ ក្នុងនោះសម្រាប់ការជួបជុំគ្នានៅផ្ទះ នឹងមានការទទួលទាននូវ គ្រឿងស្រវឹង និង ការធ្វើដំណើរទៅកម្សាន្តនៅទីកន្លែងផ្សេងៗ ហើយការធ្វើដំណើរតាមដងផ្លូវសូម មានការប្រុងប្រយ័ត្នខ្ពស់ និងមានការអធ្យាស្រ័យ និងយោគយល់គ្នាទៅវិញទៅមកក្នុងការបើកបរ ព្រោះនៅតាមដងផ្លូវមានការធ្វើចរាចរណ៍ច្រើននៅថ្ងៃបុណ្យចូលឆ្នាំថ្មី ដើម្បីឲ្យការដើរកម្សាន្តទីជិតឆ្ងាយរបស់យើងទទួលបាននូវសេចក្តីសុខ សុវត្ថិភាពទាំងអស់គ្នា។

ឯកឧត្តមបន្តថា នៅឆ្នាំថ្មីនេះ សូមមន្ត្រីយើងនឹងត្រូវបំពេញ កាតព្វកិច្ចយ៉ាងសំខាន់ នៅថ្ងៃ ទី ៥ ខែមិថុនាឆ្នាំ២០២២ ខាងមុខនេះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដោយបន្តបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា បន្តគាំទ្រសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីបន្តការអភិវឌ្ឍ និងសុខសន្តិភាព នៅក្នុងប្រទេសកម្ពុជាយើងឱ្យ បន្តបន្ទាប់ទៀត។ ពិសេសនោះគឺ ប្រទេសកម្ពុជាយើង បេក្ខភាពនាយករដ្ឋមន្ត្រី នាថ្ងៃខាងមុខ គឺ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជា បុគ្គលមួយរូប ពោរពេញដោយ សមត្ថភាព និងចំណេះដឹងជ្រៅជ្រះ ក្នុងការដឹកនាំប្រទេសជាតិ ដើម្បីបន្ត រក្សាសុខ សន្តិភាព និងការអភិវឌ្ឍ ប្រទេសបន្តទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់មន្ត្រីរាជការជុំវិញខេត្ត សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋចូលរួមកំសាន្តសប្បាយរីករាយនូវកម្មវិធី <<សង្ក្រាន្តត្បូងឃ្មុំ>> ដែលរដ្ឋបាលខេត្តរៀបចំឡើងចំនួន០៣ថ្ងៃ គឺថ្ងៃ១៤ ១៥ និងទី១៦ ខែមេសា ឆ្នាំ២០២២ ក្នុងនោះមាន០២ទីតាំង ដោយទីតាំងទី១នៅបរិវេណវត្តព្រៃនគរក្នុង ហ្លួងព្រះស្តេចកន មានការលេងល្បែងប្រជាប្រិយចំរុះ ការរាំលេងកំសាន្ត និងទីតាំងទី០២ នៅមាត់ទន្លេសិប្បនិម្មិត ទីរួមខេត្តត្បូងឃ្មុំ ដោយមានការតាំងពិពរណ៍ និងការប្រគំតន្ត្រីផងដែរ៕

 

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *