កណ្តាល៖ កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សែម សុវណ្ណនី សមាជិកគណកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកអង្គស្នួល ខេត្តកណ្តាលនិងជាប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយមេក្រុមនៃគណបក្សប្រជាជនកម្ពុជាទាំង១៩ភូមិ ក្នុងឃុំពើក និងឆ្លងរបាយការណ៍ក្រុមការងារចុះមូលដ្ឋានប្រចាំត្រីមាសទី១ និងលើកទិសដៅបន្តត្រីមាសទី២ និងដាក់លផែនការឆ្ពោះទៅរកភាពជោគជ័យ ក្នុង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។
ឯកឧត្តម មានសប្រសាសន៍ថា ប្រទេសកម្ពុជា មានសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍ នាំមកនូវកំណើនសេដ្ឋកិច្ច និងប្រយុទ្ធប្រឆាំង ការរីករាលដាល និងមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស គឺក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នកម្ពុជាមានការរីកចម្រើន លើគ្រប់វិស័យ ព្រោះយើងមានមេដឹកនាំល្អ គឺសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនយោបាយ ឈ្នះ ឈ្នះ លោកមានបញ្ញាញាណឈ្លាសវៃ ពោរពេញដោយបទពិសោធន៍ និងភាពអង់អាចក្លាហាន ដើម្បីសង្គមមានសន្តិភាព និងអភិវឌ្ឍន៍។ ឯកឧត្តម ប្រធានក្រុមការងារ បានផ្តាំផ្ញើដល់មន្ត្រីក្រុមការងារគ្រប់ថ្នាក់ ឱ្យបន្តធ្វើអំពើល្អចំពោះប្រជាពលរដ្ឋនិងជំរុញប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បានគ្រប់គ្នា ជាមួយនឹងការអនុវត្តខ្ជាប់ខ្ជួននូវវិធាន ៣កុំ និង៣ការពារ និងចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយទៅចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា។
ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម សែម សុវណ្ណនី ឧបត្ថម្ភថវិកាអ្នកចូលរួមចំនួន៥៧៧នាក់ ក្នុងម្នាក់ៗ៣ម៉ឺនរៀល ជូនស្នាក់ការគណបក្សស្រុកអង្គស្នួល ជូនគណបក្សឃុំធ្វើកម្មវិធីចូលឆ្នាំថ្មី ក្រុមការងារឃុំ នគរបាលប៉ុស្តិ៍ពើក ជូនប្រជាការពារ អ្នកសារព័ត៌មាន ពេទ្យឃុំ និងផ្សេងៗ សរុបថវិការ ៣៨,៨៧៩,៥០០រៀល៕ ដោយ៖ សិរី នាគ