Breaking News

អតីតមេបញ្ជាការអ៊ុនតាក់ លោក ចន សាន់ដឺសុន កោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា

ភ្នំពេញ៖អតីតមេបញ្ជាការកងកម្លាំងអន្តរជាតិនៃអាជ្ញាធរបណ្តោះអាសន្ន អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) លោកឧត្តមសេនីយ៍ឯក ចន សាន់ដឺសុន (John Sanderson) បានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សនៅរាជធានីភ្នំពេញ នឹងការអភិវឌ្ឍនៅទូទាំងប្រទេស។ ការលើកឡើងរបស់លោក ចន សាន់ដឺសុន ធ្វើឡើងនៅពេលដែលលោកជួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេលជាង១សប្តាហ៍ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

មេបញ្ជាការកងទ័ពអ៊ុនតាក់សញ្ជាតិអូស្ត្រាលីរូបនេះ បានថ្លែងថា លោកពិតជាមានសេចក្ដីរំភើប ដែលបានវិលត្រឡប់មកកម្ពុជាវិញ និងជាប្រទេសដែលលោកមានអនុស្សាវរីយ៍យ៉ាងច្រើន និងមិត្តភ័ក្រ្តយ៉ាងច្រើន ស្របពេលជាមួយខួប ៣០ឆ្នាំ នៃប្រតិបត្តិការស្វែងរកសន្តិភាពនៅកម្ពុជា និងខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី។

លោកបានគូសបញ្ជាក់ថា ជាមួយការចូលរួមចំណែកក្នុងកិច្ចការពិភពលោក កិច្ចការតំបន់ និងជាពិសេស ប្រធានអាស៊ាន ទាំងនេះជាវឌ្ឍនភាព និងជោគជ័យដ៏ធំធេងរបស់កម្ពុជា។

ថ្លែងក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក ចន សាន់ដឺសុន និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា ការទទួលស្គាល់កម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យ និងបោះបង់ការទទួលស្គាល់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិមុនគេ ។ សម្ដេចតេជោ បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលី ជាប្រទេសបានទទួលស្គាល់កម្ពុជាមុនកម្ពុជាទទួលបានឯករាជ្យ ជាប្រទេសដែលជួយកម្ពុជាឲ្យទទួលបានឯករាជ្យ។

សូមរំលឹកថា កាលពី៣០ឆ្នាំមុន អតីតមេបញ្ជាការ​របស់​អ៊ុនតាក់​ លោក ចន សាន់ដឺសុន បានដឹកនាំ កងកម្លាំងចម្រុះជាតិសាសន៍​ដ៏ធំមួយ​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ក្នុងនោះ​រួមមាន​ អ្នកសង្កេតការណ៍​យោធា និង​នគរបាល​ស៊ីវិលសរុបចំនួនជាង ២ម៉ឺននាក់។

ជាមួយគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រាប់លោក ចនសេន ដឺសុន អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្រដែលនាំឲ្យកម្ពុជា ទទួលបានសន្តិភាពពេញលេញ រួមជាមួយយុទ្ធសាស្ត្រគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចបានថ្លែងអំណរគុណដល់ប្រជាជន រដ្ឋាភិបាលអូស្ត្រាលី ដែលដរាបរៀងមក តែងបានផ្ដល់ជំនួយដល់កម្ពុជា រួមទាំងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ផងដែរ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *