Breaking News

លោក ឯម ច័ន្ទមករា ៖ ការបរាជ័យក្នុងការបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពនឹងធ្វើឱ្យពួកគេបាត់បង់ទេពកោសល្យ និងថាមពលការងារ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជាលោក ឯម ច័ន្ទមករា បានលើកឡើងពីសារៈសំខាន់នៃការធានាលក្ខណៈងាយស្រួលដល់ជនមានពិការភាពដោយថាជាការគោរពនូវសិទ្ធិស្មើគ្នារបស់មនុស្ស ផ្ដល់នូវយុត្តិធម៌ និងជួយដល់ជនមានពិការភាពបង្ហាញនូវទេពកោសល្យ និងឱកាសការងារ។ លោកថ្លែងបែបនេះក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលជាតិស្ដីពី «ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល» ជំនាន់ទី២ នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

ថ្លែងជាតំណាងឱ្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោក វង សូត នៅក្នុងពិធីនេះ លោក ឯម ច័ន្ទមករា បានលើកឡើងថាកន្លងមកក៏ដូចជាបច្ចុប្បន្ននាយករដ្ឋមន្ត្រីកម្ពុជានិងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពដោយបានគិតបញ្ជូលអំពីការបង្កលក្ខណៈងាយស្រួលរួមមាន ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងឧបករណ៍ផ្សេងៗ ការកែលម្អមធ្យោបាយដឹកជញ្ជូនសាធារណៈ និងការកែលម្អមធ្យោបាយទំនាក់ទំនង ចំណេះដឹង និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន រួមទាំងឧបករណ៍និងសេវាកម្មផ្សេងៗទៀតសម្រាប់ជនមានពិការភាព។ លោកថាការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាលបែបនេះក្នុងគោលដៅធានានូវសិទ្ធិស្មើគ្នា និងការគោរព ដោយបានបញ្ជាក់ថា «ជនមានពិការភាពមានសិទ្ធិដូចអ្នកដទៃ រួមទាំងសិទ្ធិក្នុងការចូលរួមយ៉ាងពេញលេញក្នុងជីវិតសហគមន៍»។

លោកបន្ថែមថា ជនមានពិការភាពជាច្រើនមានជីវិតលំបាករួចទៅហើយបើធៀបជាមួយមនុស្សសាមញ្ញទូទៅ ដូចនេះក្នុងនាមជាមនុស្សរស់នៅក្នុងសង្គមស៊ីវិលវាជាកាតព្វកិច្ចរបស់យើងក្នុងការជួយដល់អ្នកដែលត្រូវការជំនួយ។ ជនមានពិការភាពបានបន្ថែមភាពចម្រុះដល់សហគមន៍ ហើយភាពចម្រុះនោះធ្វើឱ្យសហគមន៍កាន់តែសម្បូរបែប។ ប្រសិនអាចធ្វើសមាហរណកម្មជនមានពិការភាពទៅក្នុងសហគមន៍ ពួកគេនឹងមានឱកាសបង្កើតមិត្តកាន់តែច្រើន ហើយមនុស្សកាន់តែច្រើននឹងមានឱកាសស្គាល់ពួកគេ។

លោកថា៖ «ការបរាជ័យក្នុងការធានាដល់ការ បង្កលក្ខណៈងាយស្រួលឬផ្តល់ផាសុកវត្ថុការសម្រាប់ជនមានពិការភាព គឺនឹងធ្វើឱ្យបានបាត់បង់ទេពកោសល្យនិងថាមពលការងារសំខាន់ៗរបស់ជនមានពិការភាព។ ការបដិសេធរបស់សង្គមដោយមិនផ្តល់ឱកាសការងារ ការអប់រំ ឬសេវាកម្មផ្សេងៗសម្រាប់ជនមានពិការភាពគឺមិនត្រឹមតែអយុត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការមើលរំលងនូវធនធានមនុស្ស និងធ្វើឱ្យសង្គមកាន់បាត់បង់ធនធានល្អថែមទៀតផង។ ការបង្កមធ្យោបាយងាយស្រួល មានន័យថាជនមានពិការភាពអាចក្លាយជាអតិថិជន បង្កើនបរិមាណលក់ និងប្រាក់ចំណេញសម្រាប់ប្រតិបត្តិការពាណិជ្ជកម្មគ្រប់ប្រភេទ ដែលធ្វើឱ្យអាជីវកម្មនិងសេដ្ឋកិច្ចកាន់តែល្អប្រសើរ។ ជាងនេះទៅទៀត ប្រសិនបើក្រុមហ៊ុនជាកន្លែងដ៏ល្អសម្រាប់អតិថិជនដែលមានពិការភាព ក្នុងការធ្វើអាជីវកម្ម កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុននោះនឹងកាន់តែមានភាពល្បីនិងវិជ្ជមាន»។

បើតាមលោក ឯម ច័ន្ទមករា ការធានាអំពីការបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពត្រូវបានគិតគូរនៅពេលដែលកន្លែងសាធារណៈថ្មីកំពុងត្រូវបានរចនា និង/ឬសាងសង់ នៅពេលមានការសាងសង់បន្ថែម ជួសជុលទីតាំងសាធារណៈ នៅពេលជួសជុលអាគារប្រវត្តិសាស្ត្រដាក់សម្រាប់សាធារណជន និងនៅពេលដែលធ្វើការកែលម្អលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជនមានពិការភាព ឬស្ដារឡើងវិញនូវកន្លែងសាធារណៈ ឬកន្លែងទំនេរ ដែលប្រការនេះជារឿងសំខាន់ដែលអ្នករចនា ស្ថាបត្យករ អ្នកសាងសង់ និងជនមានពិការខ្លួនឯងគិតអំពីរបៀបដែលល្អបំផុតក្នុងការចេញចូលប្រើប្រាស់បាន។

លោកថា៖ « ប្រការនេះមិនមែនមានន័យថា អាជ្ញាធរបានត្រឹមចូលរួមអនុវត្តច្បាប់តែប៉ុណ្ណោះទេ ប៉ុន្តែរិតតែទាក់ទាញផលប្រយោជន៍បានមកពីភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិអាចចេញចូលដំណើរការបានដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍អាចទទួលបានមកវិញនូវប្រាក់ចំណូលបន្ថែមទៀតពីការកែលម្អភាពងាយស្រួលតានូវផាកសុខវត្ថុនោះ»។

លោកបានអំពាវនាវដល់ក្រសួង-ស្ថាប័ន ក្រុមហ៊ុន វិស័យឯកជននទាំងអស់ស្នើសុំជំនួយឬពិភាក្សាជាមួយជនមានពិការភាពដើម្បីជួយផ្តល់យោបល់ដើម្បីអភិវឌ្ឍគម្រោងនាពេលខាងមុខ។

ក្នុងរយៈពេលប៉ុនា្មនឆ្នាំចុងក្រោយនេះវិស័យពិការភាពមានការលេចធ្លោជាខ្លាំងតាមរយៈសមិទ្ធផលជាច្រើនត្រូវបានបង្កើតឡើង ដូចជាការបង្កើតជម្រាលគំរូបំពាក់ជូនអាគារសាលាឃុំមួយចំនួន ការផ្តល់សេវាស្តារលទ្ធភាពពលកម្ម ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ មុខរបរនិងការងារ ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើសេវាជូនជនពិការ មជ្ឈមណ្ឌលជាច្រើនបានកសាងនិងដាក់ឱ្យប្រើប្រាស់ មជ្ឈមណ្ឌលជាតិជនពិការ មណ្ឌលស្តារនីតិសម្បទា មណ្ឌលព្យាបាលថែទាំអ្នកមានវិប្បលាស។

ជាងនេះទៅទៀត រដ្ឋាភិបាលបានដាក់ជនមានពិការភាពជាជនមានអទិភាពក្នុងការទទួលវ៉ាក់សាំងកូវីដ-១៩ រដ្ឋាភិបាលបានអនុញ្ញាតចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព ខណៈច្បាប់ស្ដីពីកិច្ចការការពារនិងលើកកម្ពស់សិទ្ធិជនពិការកំពុងត្រូវបានរៀបចំជាថ្មីដើម្បីឆ្លើយតបទៅតាមតម្រូវការនិងការវិវឌ្ឍនរបស់សង្គមជាតិ។

ក្នុងសារាចរណែនាំចុះថ្ងៃពុធ ទី១៨ ខែឧសភា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាទៅរដ្ឋបាលរាជធានី-ខេត្ត បន្តកែសម្រួលសំណង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពអាចប្រើប្រាស់បានងាយស្រួលប្រកបដោយសុវត្ថិភាព និងគ្មានឧបសគ្គដោយយកចិត្តទុកដាក់ពង្រឹងការអនុវត្តលើគម្រោងសាងសង់ ក៏ដូចជាពិនិត្យកែសម្រួលសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈនានារួមមាន អាគារដ្ឋបាល សាលារៀន គ្រឹះស្ថានអប់រំ មន្ទីរពេទ្យ មណ្ឌលសុខភាព បណ្ដាញផ្លូវ ផ្លូវថ្មើជើង ចិញ្ចើមផ្លូវ សួនច្បារសាធារណៈ បន្ទប់ទឹក ចំណតយានយន្ត ។ល។

របាយការណ៍ពីក្រុមប្រឹក្សាសកម្មភាពជនពិការឱ្យដឹងថា បច្ចុប្បន្នជនមានពិការភាពនៅកម្ពុជាមានចំនួនជាង៦៩ម៉ឺននាក់ ស្មើនឹង ៤,៩% នៃប្រជាជនសរុបជាង ១៦លាននាក់៕ដោយ៖ សិរី នាគ

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *