អាម៉េរិក ៖ យុវជនកម្ពុជាលោក ពេជ្រ មូន បានបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាម៉េរិក ជីដូននាំយកខ្សែគោ និងក្រមាធ្វើជាកាដូពីស្រុកខ្មែររហូតដល់អាម៉េរិក ដើម្បីជូនចៅប្រុសក្នុងថ្ងៃពិសេសបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាម៉េរិក បន្ទាប់ពីចៅបានប្រឹងប្រែងសិក្សាអស់រយៈពេល៤ឆ្នាំ។
ពិធីប្រគល់សញ្ញាបត្រពីបណ្ឌិតសភាយោធាអាម៉េរិក ត្រូវបានធ្វើឡើងយ៉ាងមហោឡារិកកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅ ក្រោមអធិបតីភាពរបស់លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក ខណៈលោកយាយយកខ្សែគោ និងក្រមា ជាកាដូសម្រាប់ជាវត្ថុអនុស្សាវរីយ៍សម្រាប់ចៅ ដែលបានប្រើប្រាស់ជាប់ជាប្រចាំកាលពីកុមារភាពក្នុងខេត្តកំពង់ឆ្នាំង។
យោងតាមផេកផ្លូវការរបស់លោក ពេជ្រ មូន បានសរសេរថា៖ «ខ្ញុំតែងប្រើវាសម្រាប់ជាថ្នក់ដាក់បាយ ទឹក និងសៀវភៅនៅពេលទៅឃ្វាលគោពេលរស់នៅឯស្រុកកំណើត។ ភាគច្រើននៅក្នុងថ្នក់បាយ មានតែបាយ និងអំបិល ដែលលោកយាយខ្ចប់ឱ្យប៉ុណ្ណោះ។ ពេលនេះលោកយាយ បានយកខ្សែគោ និងក្រមាចាស់នេះ ធ្វើជាកាដូសម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់ខ្ញុំពីបណ្ឌិតសភាយោធាអាម៉េរិក»។
លោក ពេជ្រ មូន បានបន្តថា៖ «គាត់បានប្រាប់ខ្ញុំថាគាត់រក្សាទុក ព្រោះពេលនឹកចៅម្ដងៗ យាយយកវាមកមើលដើម្បីកុំឱ្យនឹកចៅពេក។ លោកយាយបន្តទៀតថា ពេលនេះយាយប្រគល់វាឱ្យចៅវិញហើយ ទោះទៅដល់ទីណាសូមចៅកុំភ្លេចកំណើតរបស់ខ្លួនដែលធ្លាប់ជាក្មេងឃ្វាលគោឱ្យសោះ»។
លោកបានរៀបរាប់ថា រូបគាត់ស្ទើរស្រក់ទឹកភ្នែកពេលដែលអ្នកមានគុណបីបាច់ថែរក្សា តាំងពីទើបកើតរហូតធំពេញវ័យមានប្រសាសន៍បែបនេះ។ យុវជនពេជ្រ មូន ចាត់ទុករង្វាន់ខ្សែគោ និងក្រមានេះ ជាកាដូដ៏មានតម្លៃបំផុតក្នុងជីវិតរបស់លោក៕ដោយ៖ សិរី នាគ