ខេត្តកណ្តាល៖ យុវជនម្នាក់ បើករថយន្ត Prius មួយគ្រឿង ក្នុងស្ថានភាពស្រវឹង ជ្រុលទៅបុកម៉ូតូមួយគ្រឿងពីក្រោយ បណ្តាលឱ្យនារីម្នាក់រងរបួសប្រេះឆ្អឹងត្រគាក រួចរថយន្តបានបន្តទៅបុកលូបន្ថែមទៀតទើបទៅមុខលែងរួច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២២ ម្សិលមិញនេះ នៅចំណុចមុខសាលាអន្តរជាតិ HIS លើផ្លូវលេខ ១១៥ ស្ថិតនៅភូមិតាក្ដុលត្បូង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
នគរបាលចរាចរណ៍ក្រុងតាខ្មៅបានឱ្យដឹងថា អ្នកបើករថយន្តបង្កខាងលើមានឈ្មោះ ទេព ជែមស៊្បន ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានកម្រិតជាតិអាល់កុលចំនួន 0.973 mg/l (ឃាត់ខ្លួន) ។ ចំណែកនារីរងគ្រោះឈ្មោះ រ៉ន ស្រីនីត អាយុ ២៤ឆ្នាំ មានទីលំនៅភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល (រងរបួសប្រេះឆ្អឹងត្រគាក ) ជិះម៉ូតូមួយគ្រឿងម៉ាក HONDA ZOOMER X ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GW-0724 ។
នគរបាលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-1926 បើកបរដោយយុវជនខាងលើ បានជិះធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ១១៥ ក្នុងទិសដៅពីលិចទៅកើតហេតុ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកពីក្រោយមួយគ្រឿង ដែលបើកបរដោយនារីម្នាក់ បណ្តាលឱ្យរងរបួសប្រេះឆ្អឹងត្រគាក ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ រួចរថយន្តបង្ក ក៏បានជ្រុលចង្កូតមកស្ដាំបុកលូបន្ថែមទៀតតែម្ដង ។ បន្ទាប់ពីកើតហេតុ ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងធ្វើតេស្តជាតិអាល់កុលឃើញកម្រិតជាតិអាល់កុលចំនួន 0.973mg/l ។
នគរបាលបានឱ្យដឹងទៀតថា ក្រោយធ្វើការពិនិត្យវាស់វែងរួចរាល់ សមត្ថកិច្ចជំនាញ បាននាំខ្លួនអ្នកបើករថយន្តបង្ក រួមនឹងមធ្យោបាយទាំងពីរគ្រឿង មកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖ សិរី នាគ