ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានចូលរួមក្នុងពិធីលែងកូនត្រីចម្រុះ ចំនួនជាង ១ ម៉ឺនក្បាល ស្ថិតនៅស្រះទឹក ក្នុងបរិវេណរមណីយដ្ឋាន ប្រាសាទព្រៃបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ដើម្បីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ។
ពីធីលែងកូនត្រីនេះ ក៏មានការចូលរួមពីអស់លោក លោកស្រី ជាប្រធានមន្ទីរ-អង្គភាពនានា ក្នុងខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំង ៣ លោកនាយករង រដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការ / អង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ មួយចំនួនទៀត។
សូមបញ្ជាក់ថា ទិវាមច្ឆជាតិ ធ្វើឡើងក្នុងគោលបំណងស្តារមច្ឆជាតិ និងជីវចម្រុះឡើងវិញ ការពារជលផលនៅកម្ពុជា ឱ្យបានគង់វង្ស និងបង្កើនទិន្នផលត្រី សម្រាប់ដោះស្រាយ ជីវភាពរបស់ប្រជាពលរដ្ឋ នៅជនបទ ឱ្យកាន់តែមានជីវភាពធូរធារ។ ទិវានេះ ក៏បានជួយ កាត់បន្ថយភាពក្រីក្រ តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ហើយការលែងកូនត្រី នេះដែរក៏ដើម្បីចូលរួមធ្វើបុណ្យកុសល ពង្រឹងសាមគ្គីភាព និងភាពស្និទ្ធស្នាល រវាងគ្នានិងគ្នា ផងដែរ។
លោក ស្រេង គ្រី នាយខណ្ឌរដ្ឋបាលជលផល ខេត្តស្វាយរៀង បានផ្តាំផ្ញើដល់ប្រជាជន ទាំងអស់ ឱ្យចូលរួមក្នុងការលែងត្រី ដើម្បីលើកកម្ពស់ការស្តារជីវចម្រុះឡើងវិញ ទាំងអស់គ្នា ពិសេសចំពោះអ្នកនេសាទ សូមកុំនេសាទត្រី នៅរដូវត្រីពង ឬប្រើប្រាស់ឧបករណ៍ ខុសច្បាប់ ដើម្បីនេសាទត្រីជាដើម។
លើសពីនេះ លោកសូមអរគុណ លោកអភិបាលខេត្តស្វាយរៀង និងមន្ត្រីដែលពាក់ព័ន្ធ ទាំងអស់ ដែលបានចូលរួមក្នុងពិធីលែងកូនត្រី នៅស្រះទឹក ក្នុងរមណីយដ្ឋានព្រៃបាសាក់ ដែលជាតំបន់ទេសចរណ៍មួយ សម្រាប់ខេត្តស្វាយរៀង ដែលទាំងនេះ ជាការចូលរួមចំណែក ជួយអភិរក្សមច្ឆជាតិ ដើម្បីបង្កើនធនធានជលផល ឱ្យកាន់តែកើនឡើងថែមទៀត៕SRN