តាកែវ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ប៉ែន ចន្នី និងឯកឧត្ដម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង និងលោកស្រី នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយយុវជនក្រុងដូនកែវ ខេត្តតាកែវ។
ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែង រក្សាបាននូវសុខសន្តិភាពពេញលេញខាងនយោបាយ សន្តិសុខរឹងមាំ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច សង្គមកិច្ច សាមគ្គី ឯកភាពជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ជាពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការរីកចម្រើន។
ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិតបានបន្ដថា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះប្រទេស និងប្រជាជនកម្ពុជា បានឆ្លងកាត់ដំណាក់កាលធំៗ ប្រកបដោយវីរភាព ក្នុងការការពារ និងការស្តារ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ នៅលើវិថីដ៏លំបាក រាជរដ្ឋាភិបាល បានផ្សរភ្ជាប់ខ្លួនជាមួយប្រជាជននៅគ្រប់កាលៈទេសៈ និងនៅគ្រប់ស្ថានភាព បន្តដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គតូចធំរាប់មិនអស់ រហូតដល់ដំណាក់កាលអភិវឌ្ឍន៍ក្នុងសន្តិភាព ប្រកបដោយមោទនភាព។
បន្ថែមពីនេះ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានផ្តាំផ្ញើដល់អាជ្ញាធរដែនដី កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋពុទ្ធបរិស័ទ ត្រូវបន្តរួមគ្នាការពារសុខសន្តិភាពឲ្យគង់វង្សយូរអង្វែង ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងកសាងអភិវឌ្ឍន៍ប្រទេសជាតិ មាតុភូមិជាបន្តទៀត។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគេនបច្ច័យ វត្តតុំ១០លានរៀល, វត្តលឹមពូល ៥លានរៀល និងវត្តមហានិកាយ ៥លានរៀល, ឧបត្ថម្ភសាលាក្រុងដូនកែវ ២លានរៀល, លោកគ្រូ អ្នកគ្រូ ៥០នាក់ក្នុងម្នាក់ៗ ៤មុឺនរៀល។ ព្រមទាំងបានប្រគេនបច្ច័យ ព្រះសង្ឃ ចែកជូនដល់ តាជីយាយជី, យុវជនទាំង៤ប្រភេទ, ប្រជាពលរដ្ឋ និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនទៀតផងដែរ៕ដោយ៖ សិរី នាគ