កំពង់ស្ពឺ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសឱ្យអ្នកដំណើរទាំងអស់ ដែលមានបំណងប្រើប្រាស់ផ្លូវជាតិលេខ៤ សូមមេត្តាបង្វែរទិសតាមផ្លូវជាតិលេខ៣ វិញ ដោយសារខណៈនេះ ទឹកបានហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១១៦-១១៧ ដែលមានព្រំប្រទល់ជាប់ជាមួយភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
លោក វ៉ី សំណាង មានប្រសាសន៍ថា ដោយសារតែកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ច ន្លោះបង្គោលគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជាប់ព្រំប្រទល់ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ប្រឈមនឹងជំនន់ទឹកភ្លៀងហូរកាត់កំណាត់ផ្លូវជាតិខាងលើ ដូច្នេះ ការធ្វើដំណើរឆ្លងកាត់ចំណុចនេះ ត្រូវបានបិទចរាចរណ៍ ជាបណ្ដោះអាសន្ន សូមបងប្អូនប្រជាពលរដ្ឋមេត្ដាជ្រាប និងបង្វៀងទិសដៅទៅកាន់ផ្លូវជាតិលេខ៣ ជាបណ្ដោះអាសន្ន រង់ចាំទឹកស្រកដូចស្ថានភាពដើម ។
លោកបន្តថា ប្រសិនបើភ្លៀងនៅតែបន្ដធ្លាក់នៅផ្នែកខាងលើនៃខ្នងភ្នំគិរីរម្យ នឹងបណ្ដាលឱ្យមានជំនន់ទឹកភ្លៀងផ្នែកខាងក្រោម ពិសេសពាក់ព័ន្ធផ្លូវជាតិលេខ ៤ ចំណុចស្ពានសំរោងតែម្ដង ៕ដោយ៖ចៅ ឆេះ