ព្រះសីហនុ ៖ យោងតាមមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានឲ្យដឹងថា ស្ថានភាពអាសធាតុខេត្តព្រះសីហនុគិតត្រឹមវេលា ម៉ោង ១១ និង៣០នាទី ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថានភាព កំម្ពស់ទឹក នៅស្ពានស្ទឹងសំរោង ចំណុចចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ក្នុង ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ទឹកឡើងដល់កំពស់៥,២០ម៉ែត្រពីបាតស្ទឹង ។ តាមការសន្និដ្ឋាន ប្រសិនបើទឹកឡើងដល់កំពស់ ៥,៦០ ម៉ែត្រ ទៅ៥,៧០ម៉ែត្រ នឹងត្រូវ ប្រកាសអាសន្ន ។
ជាមួយគ្នានេះ កម្លាំងកងរាជអាវុធហត្ថ ស្រុកកំពង់សីលា ចំនួន ០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក សួន ធា មេបញ្ជាការរងស្រុក ដោយសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយលោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកកំពង់ សីលា ចុះពិនិត្យស្ថានភាពទឹកជំនន់ដោយទឹកភ្លៀងចំណុចភូមិក្រាំងអាត់ចាស់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលមានប្រជាពលរដ្ឋរស់នៅចំនួន៤២ខ្នងផ្ទះ ក្នុងនោះរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣៧ ខ្នងផ្ទះ តែពុំមានរងគ្រោះដល់អាយុ ជីវិតមនុស្ស រឺសត្វពាហនៈឡើយ ៕ដោយ៖ចៅ ឆេះ