នៅថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២២នេះ រដ្ឋសភាអាមេរិកបានអនុម័តទៅលើមូលនិធិសម្រាប់ការពារជាតិ មានទឹកប្រាក់ជាង៨០០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៣។ នេះជាចំនួនប្រាក់ចំណាយកើនឡើងខ្ពស់ជាមុនដល់ទៅ៣៧ពាន់លានដុល្លារ ត្រូវបានស្នើរឡើងដោយប្រធានាធិបតីបៃឌិន។
រដ្ឋសភាអនុម័តរួចរាល់ ដោយរងចាំបន្តបញ្ជូនទៅកាន់ព្រឹទ្ធសភា ដើម្បី បន្តអនុម័តមុនពេលបញ្ជូនទៅឲ្យប្រធានាធិបតីចុះហត្ថលេខា។ ការបញ្ជូនទៅកាន់ព្រឹទ្ធសភា អនុម័តគឺមិនមានបញ្ហាអ្វីនោះឡើយដោយសារតែ ព្រឹទ្ធសភាបានគាំទ្រការបង្កើនប្រាក់ចំណាយបន្ថែមសម្រាប់ការពារជាតិ ច្រើនជាង ៤៥ពាន់លានដុល្លារ គឺច្រើនជាងសំណើររបស់ប្រធានាធិបតីបៃឌិន។
ច្បាប់ចំណាយសម្រាប់ការពារជាតិ នឹងត្រូវបានប្រធានាធិបតីបៃឌិនចុះហត្ថលេខាជាច្បាប់ ក្រោយរដ្ឋសភានិងព្រឹទ្ធសភាអនុម័តរួចរាល់។
ការចំណាយរបស់អាមេរក សម្រាប់ការពារជាតិបានកើនឡើងខ្ពស់ ដោយសារតែ មានសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ហើយអាមេរិកត្រូវចំណាយទៅលើសព្វាវុធជាច្រើនជួយអ៊ុយក្រែន ក៏ដូចជា ចំណាយពង្រឹងកម្លាំងយោធានៅតំបន់អឺរ៉ុបខាងកើត៕