ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិតរួមនិងលោក លោកស្រីជាអភិបាលរង លោកនាយករដ្ឋបាលក្រុង ប្រធានការិយាល័យចំណុះទាំង១៣ នៃក្រុងបាវិត និងមន្ត្រីរាជការក្នុងសាលាក្រុងបាវិតនៅព្រឹកថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២បានអញ្ជើញរៀបចំពិធីក្រុងពាលី ស្ថាបនាផ្លូវបេតុង ០១ ខ្សែ ប្រវែង ២៤០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ១ តឹកកន្លះ និងសាងសង់ក្លោងទ្វារចូលសាលាក្រុងបាវិត ដោយប្រើប្រាស់ថវិកាគម្រោងមូលនិធិសាលាក្រុងបាវិត ក្នុងឆ្នាំ២០២២។
លោក លឹម សៀងហេង អភិបាល ក្រុងបាវិតបានមានប្រសាសន៍ឲ្យដឹងថា ការរៀបចំពិធីក្រុងពាលី ស្ថាបនាសាងសង់ក្លោងទ្វារចូលសាលាក្រុងបាវិតនាពេលនេះគឺដើម្បីកែលំអ បរិស្ថានអង្គភាពឲ្យមានសោភណ្ឌភាពស្រស់ស្អាតសក្កិសមជាកន្លែងធ្វើការរបស់មន្ត្រីសាលាក្រុងប្រកបដោយផាសុកភាព ដែលនាពេលកន្លងមកទីតាំងរដ្ឋបាលក្រុងនៅពុំទាន់មានរបង ក្លោងទ្វារសមរម្យនោះទេ ហេតុដូច្នេះហើយបើកន្លែងធ្វើការស្អាតនោះ វាជាមោទនៈភាពមួយសំរាប់ជម្រុញ លើកទឹកចិត្ត ដល់មន្ត្រីរាជការទូទៅចេះ ស្រលាញ់កន្លែងធ្វើការ បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយភាពស្និតស្នាល ។
លោកអភិបាលក្រុងបានមានប្រសាសន៍បន្តថាៈ ដោយឡែកផ្លូវបេតុង ០១ ខ្សែ ប្រវែង ២៤០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ១ តឹកកន្លះដែលកំពុងស្ថាបនានាពេលនេះដែរគឺដើម្បី ជួយសម្រួលដល់ការធ្វើដំណើររបស់មន្ត្រីរាជការទូទៅ ប្រជាពលរដ្ឋនានា កងកំលាំងគ្រប់ប្រភេទ ភ្ញៀវជិតឆ្ងាយទាំងអស់ដែលមកទំនាក់ទំនងសេវាផ្សេងៗនៅទីតាំងសាលាក្រុងបាវិត ដែលកន្លងមកផ្លូវមួយខ្សែចូលមកកាន់ទីតាំងសាលាក្រុងបានរងនូវការខូចខាតជាអន្លើរៗពិបាកក្នុងការធ្វើដំណើរ។
សូមបញ្ជាក់ផងដែរថាៈ សមិទ្ធផលដែលបានធ្វើពិធីក្រុងពាលី ស្ថាបនាសាងសង់នាពេលនេះគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតសំរាប់រដ្ឋបាលក្រុងបាវិតដែលបានកំពុងអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រននិងអាណាចក្រ ព្រមទាំងវិស័យឯកជនផ្សេងៗរួមមាន រោចក្រ សហគ្រាស មណ្ឌលកំសាន្ត បង្កើតឱកាសការងារដល់កូនចៅប្រជាពលរដ្ឋ ប្រមាណជិត១០មុឺននាក់មានប្រាក់បៀវត្សចិញ្ចឹមគ្រួសារកាត់បន្ថយភាពក្រីក្រ តាមលក្ខណៈគ្រួសារ ហើយក៏មិនចំណាកស្រុកទាំងប្រថុយប្រថានដែលបង្កជាហានិភ័យដល់ក្រុមគ្រួសារកូនចៅរបស់ប្រជាពលរដ្ឋនោះដែរ ។ ទាំងនេះក៏ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏បុិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខដឹកនាំ ៕