Breaking News

ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ ត្រូវបាន ក្រសួងរ៉ែ សម្រេចផាកពិន័យ ជិត១ពាន់លានរៀល


ខេត្តកំពត៖ លោក អេង អូន ដែលគេស្គាល់ថាជាមន្ត្រីយោធានៅមូលដ្ឋានទ័ពអាកាសកងកេង ខេត្តព្រះសីហនុ និងជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ត្រូវបាន លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សម្រេចផាកពិន័យជាប្រាក់ ជាង៨០០លានរៀល ដោយសារតែក្រុមហ៊ុននេះ បានកាយយកដីក្រហមមុនទទួលបានអាជ្ញាប័ណ្ណ ។

យោងតាមលិខិតរបស់ លោករដ្ឋមន្ត្រីក្រសួងរ៉ែ ដែល អែស អរ អិន  ទទួលបាន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ ស្ថិតនៅតំបន់ភ្នំថ្កូវ ភូមិកោះផ្ដៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បានធ្វើសកម្មភាពកាយយកដីក្រហមមុនទទួលបានអាជ្ញាប័ណ្ណអស់បរិមាណជាង៥ម៉ឺនម៉ែត្រត្រីគុណ ដែលល្មើសនឹងមាត្រា៣៥ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់ស្តីពីការគ្រប់គ្រងនិងការធ្វើអាជីវកម្មធនធានរ៉ែ ហើយត្រូវរងការផាកពិន័យចំនួនស្មើនឹង២ដងនៃតម្លៃប៉ាន់ស្មានលើផលិតផលរ៉ែ ដែលបានជីកយកស្មើនឹងទឹកប្រាក់ជាង៨០០លានរៀល ។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ ថ្លែងទៀតថា ក្រសួង បានទុករយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានៃលិខិតចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ អោយក្រុមហ៊ុនធ្វើការតវ៉ា ដោយផុតរយៈពេលកំណត់នេះ បើក្រុមហ៊ុនគ្មានការតវ៉ាជាលាយលក្ខណ៍អក្សរ ទេ ក្រសួងនឹងចេញលិខិតផាកពិន័យពុំទុកពេលឲ្យតវ៉ាទៀតឡើយ ។

បញ្ហានេះ ដោយសារតែលោក អេង អូន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ បានដាក់លិខិតតវ៉ាហួសឱសានវាទ ទើបក្រសួងរ៉ែនិងថាមពល សម្រេចមិនពិនិត្យលើសំណើសុំតវ៉ារបស់លោក អេង អូន ទេ ។

លោករដ្ឋមន្ត្រីក្រសួងរ៉ែ សូមអញ្ជើញ លោក អេង អូន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ មកទំនាក់ទំនងការិយាល័យគ្រប់គ្រងចំណូលមិនមែនសារពើពន្ធធនធានរ៉ែនៃនាយកដ្ឋានផែនការសេដ្ឋកិច្ចធនធានរ៉ែនៅទីស្តីការក្រសួងរ៉ែនិងថាមពល ដើម្បីទទួលយកលិខិតបញ្ជាបង់ប្រាក់និងត្រូវបង់ប្រាក់មិនឲ្យលើសពី៣០ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

ក្នុងករណី លោក អេង អូន ពុំបានអនុវត្តតាមការកំណត់ខាងលើ ក្រសួងនឹងសម្រេចបដិសេធសំណើសុំអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុននៅតំបន់ខាងលើ ហើយនឹងបន្តចាត់វិធានការតឹងទារបំណុលតាមនីតិវិធីច្បាប់ ជាធរមាន ។

ដោយឡែក តាមប្រភពព័ត៌មានច្បាស់ការណ៍ ដែល អែស អរ អិន ទើបទទួលបាន បង្ហាញថា រហូតមកដល់ពេលនេះ លោក អេង អូន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ បានបន្តគេចវេសដោយហេតុផលផ្សេងៗ  មិនព្រមបង់ប្រាក់ផាកពិន័យ តាមការសម្រេចរបស់លោករដ្ឋមន្ត្រីក្រសួងរ៉ែ នោះទេ ៕SRN

 

About srn tv

Check Also

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sao LyChhing និងគណនីតិកតុក (Tik Tok) ឈ្មោះ JChingCEO សំឡីផ្កា (@ching999) ត្រូវបានគេប្តឹងទៅប៉េអឹមក្រុង ពីបទ ញុះញង់ឱ្យមានការរើសអើង និង អំពើនៃការប្រកួតប្រជែងមិនស្មោះ

Leave a Reply

Your email address will not be published. Required fields are marked *