Breaking News

មុខសញ្ញាលួចដ៏សកម្ម ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចរថយន្តមួយគ្រឿង នៅស្រុកកៀនស្វាយ

ខេត្តកណ្តាល៖ ជនសង្ស័យជាមុខសញ្ញាលួចដ៏សកម្មពីរនាក់ ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយ ឃាត់ខ្លួន ក្រោយពេលដែលពួកគេបានធ្វើសកម្មភាពលួចរថយន្តកូរ៉េមួយគ្រឿង កាលពីវេលាម៉ោងជាង ១រំលងអធ្រាត្រ ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០២២ នៅចំណុចព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់រថយន្តមានឈ្មោះ ទេព វណ្ណា ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ 

ចំណែកជនសង្ស័យមានគ្នាពីរនាក់ ទី១-ឈ្មោះ លី អេ ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ បុខរបរ មិនពិតប្រាកដ និងទី២-ឈ្មោះ ម៉ៅ ភឹម ភេទប្រុស អាយុ ១២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ។ អ្នកទាំងពីមានទីលំនៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបាន រថយន្ដមួយគ្រឿងម៉ាក KIA TITAN ពណ៌ខៀវ ផលិតឆ្នាំ ១៩៩៤ ពាក់ផ្លាកលេខ ភ្នំពេញ 2I-4586, ម៉ូតូកុងបី (ផាសាអាប់) ពណ៌លឿងចំនួនមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំ 1HG-8640 និងកង់ពណ៌ក្រហមដៃត្រង់ ១គ្រឿង ។ 

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅថ្ងៃ ១ ខែ សីហា ឆ្នាំ ២០២២ វេលាម៉ោង ២៣ និង៣០នាទី ជនសង្ស័យ លី អេ បានធ្វើសកម្មភាពលួចម៉ូតូរ៉ឺម៉កចំហៀងលក់មីឆារបស់គេ នៅម្ដុំព្រះវិហាឥស្លាម នៅព្រៃទាល រាជធានីភ្នំពេញ ។ ក្រោយពីលួចបានហើយ ជនសង្ស័យក៏ជិះវាទៅផ្ទះរបស់ខ្លួននៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ លុះដល់ម៉ោងប្រមាណជាង ៤រសៀល ថ្ងៃទី ០២ ខែ សីហា ឆ្នាំ២០២២ ជនសង្ស័យ លី អេ បានបបួរឈ្មោះ ម៉ៅ ភឹម ភេទប្រុស អាយុ ១២ឆ្នាំ ជិះម៉ូតូរ៉ឺម៉ក (ចំហៀង)លក់មីឆាខាងលើ ឡើងមកភ្នំពេញជាមួយខ្លួន ដោយជិះតាមផ្លូវពាមស្ដីចាក់តាមស្រុកល្វាឯម រួចជនសង្ស័យបានលួចកង់របស់គេមួយគ្រឿង ពណ៌ក្រហម ដែលទុកនៅមុខផ្ទះក្នុងស្រុកល្វាឯម បន្ទាប់មកជនសង្ស័យ លី អេ និងឈ្មោះ ម៉ៅ ភឹម បានឆ្លងតាមកំពង់ដរកោះពេជ្រឡើងមកភ្នំពេញ ។ រួចជនសង្សយ លី អេ និងឈ្មោះ ម៉ៅ ភឹម បានទៅលួចម៉ូតូកង់បី (ផាសអាប់) មួយគ្រឿង ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 1HG-8640 របស់គេ ដែកចតចោលនៅចិញ្ចើមផ្លូវម្ដុំពេទ្យប្វេង ហើយលើកកុងដាក់លើផាសាអាប់(ម៉ូតូកុងបី) ជិះមកស្រុកកៀនស្វាយ ដោយទុកម៉ូតូរ៉ឺម៉កចំហៀងលក់មីឆានៅទីនោះ ។

សមត្ថកិច្ចបានបន្តទៀតថា លុះនៅវេលាម៉ោងប្រមាណជាង ១ រំលងអធ្រាត្រ ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០២២ ពេលជនសង្សយទាំងពីរនាក់ មកដល់ស្រុកកៀនស្វាយ ក្នុងឃុំឈើទាល ម៉ូតូកង់បី (ផាសអាប់) ក៏ខូច បន្ទាប់មក ជនសង្ស័យបានទុកម៉ូតូកង់បីចោល រួចយកកង់ជិះជាមួយឈ្មោះ ម៉ៅ ភឹម មកលួចរថយន្ដគេមួយគ្រឿងទៀត (រថយន្ដកូរ៉េខាងលើ) ហើយជិះគេចខ្លួនមកខាងខេត្តព្រៃវែង ។ បន្ទាប់មកជនរងគ្រោះបានប្ដឹងនគរបាលប៉ុស្តិ៍នគរបាលឈើទាល ក្រោយពីទទួលបានបណ្ដឹងកម្លាំងប៉ុស្តិ៍ឈើទាល សហការជាមួយកម្លាំងនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ បានចុះដល់កន្លែងកើតហេតុស្រាវជ្រាវរកមុខសញ្ញាតែរកមិនឃើញ និងកំណត់អត្តសញ្ញាណមិនទាន់បាន ។ លុះដល់វេលាម៉ោងប្រមាណ ២រសៀល ថ្ងៃ ខែ ឆ្នាំដដែរ ទើបកម្លាំងនគរបាលយុត្តិធម៌ស្រុកព្រះស្តេច ខេត្តព្រៃវែង ចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ លី អេ ខាងលើបាន រួចបានប្រគល់មកឲ្យនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ ដើម្បីសាកសួរបន្ត រីឯឈ្មោះ ម៉ៅ ភឹម  អាយុ ១២ឆ្នាំ បានរត់គេចខ្លួនបាត់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ លី អេ បានសារភាពថា ខ្លួននិង ឈ្មោះ ម៉ៅ ភឹម ពិតជាបាននាំគ្នាធ្វើសកម្មភាពលួចរថយន្តម៉ាក KIA TITAN ប្រាកដមែន រួចបើករត់មកខាងខេត្តព្រៃវែង ហើយកន្លងមកខ្លួនបានធ្វើសកម្មភាពលួចបានសំរេចចំនួន ០៤ លើកមកហើយ ដោយលើកទី១ លួចបានទូរស័ព្ទដៃចំនួន ០១ គ្រឿង ម៉ាក IPHONE 5 ពណ៌ស ប្រព្រឹត្តនៅ ខេត្តមណ្ឌលគីរី, លើកទី២ លួចបានទូរស័ព្ទដៃម៉ាក IPHONE 6 ពណ៌ ទឹកប្រាក់ ប្រព្រឹត្តនៅស្រុកបានលុង ខេត្តរតនៈគីរី, លើកទី៣ លួចបានទូរស័ព្ទដៃមួយគ្រឿងម៉ាក SAMSUNG ពណ៌ ក្រហម ប្រព្រឹត្តនៅនៅផ្ទះទឹក ១០០ខ្នង ខេត្តត្បូងឃ្មុំ, លើកទី ៤ លួចបានម៉ូតូសណ្តោងរឺម៉ក ចំនួន ០១ គ្រឿង ប្រព្រឹត្តនៅ ព្រៃទា ក្រុងភ្នំពេញ ហើយចុងក្រោយលួចបានរថយន្តចំនួន០១ គ្រឿងខាងលើ ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា បន្ទាប់ពីបានចម្លើយសារភាពរបស់ជនសង្ស័យ លី អេ កម្លាំងនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ និងកម្លាំងនគរបាល់ប៉ុស្តិ៍ឈើទាលបន្តទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ៅ ភឹម នៅចំណុចភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្ត ព្រៃវែង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីសាកសួរ ។ ក្រោយពីបានសាកសួររួចឈ្មោះ ម៉ៅ ភឹម បានសារភាពថាៈខ្លួន និងឈ្មោះ លី អេ ភេទប្រុស ពិតជាបានប្រព្រឹត្តបទល្មើសលួចរថយន្តកូរ៉េ ពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់រួមជាមួយវត្ថុតាងកំពុងឃាត់បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *