Breaking News

សមត្ថកិច្ចក្រុងពោធិ៍សាត់ ចាប់ឃាត់ខ្លួនមុខសញ្ញាចោរឆក់ និងលួចបូមប្រេងពីរថយន្ត ចំនួន៦នាក់ រូមនឹងវត្ថុតាងចាត់ការតាមនីតិវិធី

(ពោធិ៍សាត់)៖ ជនសង្ស័យប្រុសស្រីចំនួន៦នាក់ ជាមុខសញ្ញាចោរឆក់ និងលួចបូមប្រេងពីរថយន្ត ដែលចតនៅលើដងផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ជាមួយនឹងវត្ថុតាងមួយចំនួន ខណៈពេលចុះត្រួតពិនិត្យរដ្ឋបាល ចំពោះអ្នកស្នាក់នៅដែលគ្មានអត្តសញ្ញាណត្រឹមត្រូវ ចំនួនបីទីតាំងផ្សេងគ្នាក្នុងថ្ងៃតែមួយ។ ប្រតិបត្តិការនេះធ្វើឡើងជាបន្តបន្ទាប់រយៈពេលមួយថ្ងៃពេញ គឺនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ 

លោក កែវសារិ អធិការនគរបាលក្រុងពោធិ៍សាត់ ប្រាប់ឱ្យដឹងថា៖ ទីតាំងទីមួយ ត្រង់បន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន៣នាក់ ទី១-ឈ្មោះ សន វិសាល ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ជាមុខសញ្ញាដែលបានធ្វើសកម្មភាពឆក់កាបូប នៅស្រុកបាកាន កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ និងជាមុខសញ្ញាធ្វើសកម្មភាពលួចបូមប្រេងម៉ាស៊ូតពីរថយន្ត នៅចតសម្រាកនាពេលយប់ ក្នុងក្រុងពោធិ៍សាត់, ទី២-ឈ្មោះ ដា លីយ៉ា ភេទស្រី អាយុ ១៩ឆ្នាំ និងទី៣-ឈ្មោះ សាខន  ម៉ានីតា ភេទស្រី អាយុ១៧​ឆ្នាំ ទឹកពីរនាក់ស្នាក់នៅបន្ទប់ជួលខាងលើ។ ជាមួយគ្នានោះ សមត្ថកិច្ចដកហូតបានឧបករណ៍ជក់គ្រឿងញៀនមួយកំប្លេរ កាំបិត៣ដើម ទូរស័ព្ទដៃចំនួន៣គ្រឿង ឯកសារអត្តសញ្ញាណប័ណ្ណ កាតធនាគារអេធីអឹម ជារបស់ជនរងគ្រោះ ដែលបានឆក់នៅស្រុកបាកាន កាបូបដៃចំនួនមួយ និងម៉ូតូចំនួន២គ្រឿង។

 

លោកអធិការបន្ថែមថា ចំណែកទីតាំងទី២ត្រង់ បន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ទី១-ឈ្មោះ ឌី សុខ ណេ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ជាមុខសញ្ញាចោរឆក់កាបូប នៅស្រុកបាកាន កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នឹងជាមុខសញ្ញាលូតបូមប្រេងម៉ាស៊ូត ពីរថយន្តដែលឈប់សម្រាក ក្នុងក្រុងពោធិ៍សាត់ និងទី២-ឈ្មោះ សុខ គឹម ភេទស្រី អាយុ១៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលខាងលើ។ ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូ១គ្រឿង ទូរស័ព្ទដៃ ចំនួន៣គ្រឿង កាបូបមួយ។ 

បន្ទាប់មកសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ទៀត នៅលើផ្លូវលំដីក្រហម ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ មានឈ្មោះ ជូន ដំ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ គឺជាមុខសញ្ញាធ្វើសកម្មភាពលួចបូមប្រេងម៉ាស៊ូតពីរថយន្តដូចគ្នា។ ក្នុងនោះសមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿងផងដែរ។

លោកអធិការបានបញ្ជាក់ឱ្យដឹងថា ចំពោះជនសង្ស័យទាំង៦នាក់ខាងលើ គឺមានចំនួន២នាក់ និងម៉ូតូ២គ្រឿង បានប្រគល់ឱ្យទៅអធិការនគរបាលស្រុកបាកាន ដើម្បីចាត់ការបន្ត ចំណែកជនសង្ស័យដែលនៅសល់ចំនួន៤នាក់ មន្ត្រីជំនាញរបស់លោក កំពុងចាត់ការតាមនីតិវិធី៕

Check Also

រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ១២៩ អនក្រ.បក ស្តីពីបែបបទ និងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា

Leave a Reply

Your email address will not be published. Required fields are marked *