ខេត្តប៉ៃលិន ៖ ក្រោយពីបុរសជាប្តី បានផឹកស្រាស្រវឹងប្រើអំពើហិង្សា វាយដំទាត់ធាក់ទៅលើ ប្រពន្ធ ដូចសត្វធាតុ បណ្តាលឱ្យជាំស្ទើរពេញខ្លួន រួចរត់គេចខ្លួន បានរយ:ពេល២ថ្ងៃ រហូតមកដល់វេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនគរបាលអធិការដ្ឋានស្រុកសាលាក្រៅ បានឱ្យសាច់ញាតិ និងប្រពន្ធកូន លួងលោមជនសង្ស័យឱ្យចុះមកក្រោមវិញ រួចចាប់ឃា ត់ខ្លួន ខណ:រូបគេបានគេចឡើងទៅសម្ងំ លាក់ខ្លួននៅលើភ្នំ ក្រោយកាស៊ីណូម្កុដពេជ្រ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនដៃដល់ជាប្តី មាន ឈ្មោះ អៀន អំ អាយុ៣៧ឆ្នាំ ជាកម្មករសំណង់ និង ជាសន្តិសុខយាមនាពេលយប់ ។ ចំណែកស្រ្តីរងគ្រោះ ជាប្រពន្ធ មានឈ្មោះ បាត់ សាវេត អាយុ២៩ឆ្នាំ ជាមេផ្ទះ មានកូន៣នាក់ ក្នុងបន្ទុក កូនប្រុសច្បង១ ស្រី២នាក់ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ចំណែកស្រ្តីឈ្មោះ បាត់ សាវេត ជាប្រពន្ធ បានរៀបរាប់ឱ្យដឹងដែរថា ៖ តាំងពីរៀបការជា មួយគ្នាប្តីរបស់ខ្លួន តែងតែរករឿងវាយដំទាត់ធាក់ជារៀងរាល់ថ្ងៃ ក្រោយពីផឹកស្រាស្រវឹងម្តងៗ តែបើមិនផឹកស្រាទេ ប្តីរបស់ខ្លួនមិនចេះមាត់ក.នោះឡើយ ។ ប្រភពបន្តទៀតថា នៅថ្ងៃមុនពេលកើតហេតុ ដោយសារបញ្ហាជំងឺកូវីដ-១៩ វាយលុកក្នុងប្រទេសកម្ពុជា បណ្តាលឱ្យអត់មានការងារធ្វើ ប្តីរបស់ខ្លួន ក៏ស្នាក់នៅផ្ទះ ហើយបានផឹកស៊ីជួបជុំមិត្តភក្តិរហូតដល់ស្រវឹង ដោយគេបែកទៅផ្ទះរៀងៗខ្លួន ។ រីឯប្តីនាងក៏ចាប់ផ្តើមនិយាយរករឿង មិនឱ្យរាប់រកអ្នកជិតខាងរបស់ខ្លួន តែនាងក៏មិនតមាត់អ្វីនោះដែរ ព្រោះយល់ថាប្តីស្រវឹងស្រា ។ លុះពេលឃើញប្តីរបស់ខ្លួនចូលដេកក្នុងផ្ទះ ស្របពេលអ្នកជិតខាងម្នាក់ ដើរមកនិយាយលេងមួយភ្លែត លុះគាត់ត្រឡប់ទៅវិញ ស្របពេលដែលប្តីភ្ញាក់ពីដេក ក៏ចាប់ផ្តើមរករឿងប្រើអំពើហិង្សាវាយដំទាត់ធាក់ជាច្រើនជើង បណ្តាលឱ្យឈឺចាប់ពេញទាំងខ្លួនប្រា ណតែម្តង ។ ពេលនោះប្អូនរបស់នាងម្នាក់ បានឃើញសកម្មភាព តែមិនហ៊ានចូលទៅជួយអន្តរាគមន៍នោះទេ ដោយយកទូរស័ព្ទថតរូបទុក រួចបង្ហោះចូលបណ្តាញសង្គម បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។
ចំណែកលោក មាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅ បានឱ្យដឹងកាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះថា ៖ ជនដៃដល់ដែលប្រើអំពើហិង្សាលើប្រពន្ធកូន ត្រូវបានកម្លាំងរបស់លោក ចាប់ឃាត់ខ្លួនបានហើយ នាំយកទៅទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីសាកសួរបន្ថែម បន្តរៀបចំកសាងសំនុំរឿង និងសុំគោលការណ៍ពីថ្នាក់លើ ដើម្បីចាត់ការតាមនីតិវិធី ។
សូមបញ្ជាក់ថា ៖ ក្រោយពេលកើតហេតុ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បា នចាត់ឱ្យក្រុមការងារ នាំយកស្បៀងអាហារ រួមជាមួយនឹងថវិកាមួយចំនួនយកទៅផ្តល់ជូនដល់ស្រ្តីរងគ្រោះខាងលើផងដែរ ៕