Breaking News

អភិបាលខេត្តកណ្តាល ប្រជុំគណៈកម្មការត្រៀមរៀបចំ ពិធីប្រណាំងទូក ដែលគ្រោងនឹងរៀបចំឡើង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែតុលា ខាងមុខនេះ

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្នើដល់គណៈកម្មការរៀបចំពិធីបុណ្យអុំទូកខេត្ត ត្រូវជ្រើសរើសទូកដែលល្អៗ ត្រូវពង្រឹងការទ្វីកហាត់ដល់កីឡាករ កីឡាការិនី ត្រូវធានាថាកីឡាករ កីឡាការិនីអុំទូកមានគ្រប់ចំនួនមិនអវត្តមាន គោរពបាននូវវិន័យបទបញ្ជាផ្ទៃក្នុង ក្នុងការប្រកួត មានសេចក្តីថ្លៃថ្នូរ ទូកត្រូវតុបតែងឱ្យមានសោភ័ណ្ឌភាពស្អាត ហើយកីឡាករ កីឡាការិនីក៏ត្រូវមានឯកសណ្ឋានសមរម្យផងដែរ។

ឯកឧត្តមបានស្នើឡើងដូច្នេះ នៅរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសដែលឯកឧត្តមបាន ដឹកនាំកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីប្រណាំងទូក  ដែលគ្រោងនឹងប្រណាំងទូក រយៈពេល ០២ ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ នៅក្រុងតាខ្មៅ ដោយមានការចូលរួមពីអភិបាលក្រុង-ស្រុក មន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា បើទោះបីជាព្រះរាជពិធីបុណ្យអ៉ុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក សម្រាប់ថ្នាក់ជាតិ ត្រូវបានផ្អាកយ៉ាងណាក្តី តែការរៀបចំពិធីប្រណាំងទូក សម្រាប់កម្សាន្តសប្បាយ នៅតាមបណ្ដារាជធានី ខេត្តនានាទូទាំងប្រទេស គឺអាចប្រព្រឹត្តទៅបានតាមលទ្ធភាពជាក់ សម្រាប់ខេត្តកណ្ដាលនៅឆ្នាំនេះនិងរៀបចំពិធីប្រណាំងទូកនេះ ឱ្យល្អជាងឆ្នាំមុនៗទាំងអស់ ដើម្បីបង្កបរិយាកាសរីករាយជូនសាធារណជន បងប្អូនប្រជាពលរដ្ឋ បាន កម្សាន្ត សប្បាយរីករាយ ក្រោមម្លប់ដ៏ត្រជាក់ នៃសន្តិភាព និងដើម្បីត្រៀមចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខ និងអកអំបុក ជាពិសេសបានផ្ដល់ឱកាស នៃការរកប្រាក់ចំណូលបន្ថែមដល់បងប្អូនប្រជាពលរដ្ឋក្នុងពិធីប្រណាំងទូកនេះ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់គណៈកម្មការ-អនុគណៈកម្មាធិការរៀបចំការប្រណាំងទូកទាំងអស់បំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានល្អតាមមុខការរៀងៗខ្លួន ការងារដែលសំខាន់បំផុតគឺត្រូវរៀបចំពិធីនេះឲ្យខំសហការគ្នាឱ្យបានល្អ ទាំងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សោភ័ណ្ឌភាពបរិស្ថានអនាម័យជាដើម ជាងនេះទៅទៀត ត្រូវយកទឹកចិត្តទុកដាក់ខ្ពស់ដល់កីឡាករ-កីឡាការិនីប្រណាំងទូក ត្រូវរៀបចំម្ហូបអាហារ ឱ្យបានគ្រប់គ្រាន់ សមរម្យ ត្រៀមរៀបចំកន្លែងស្នាក់នៅ បង្គន់អនាម័យ សំលាកបំពាក់ឱ្យបានល្អប្រសើរ  រៀបចំភ្លើងអគ្គីសនីកុំឱ្យដាច់ រៀបចំបណ្ដែតប្រទីបឲ្យបានល្អ គណៈកម្មការត្រូវជួបប្រជុំតាមដានលើវឌ្ឍនៈភាពការងាររបស់ខ្លួនជាប្រចាំ។

បើយោងតាមរបាយការណ៍ពីគណៈកម្មការបានបញ្ជាក់ថា ក្នុងពិធីនេះមានទូកចូលរួមចំនួន ៨៣ទូក ក្នុងនោះមានទូកអុំបុរសចំនួន ៤២ទូក ទូកចែវបុរសចំនួន ៦ ទូក ទូតខ្នាតអន្តរជាតិផ្នែកបុរសចំនួន ៣២ទូក ទូតខ្នាតអន្តរជាតិផ្នែកនារីចំនួន ៣ទូក ហើយក្នុងពិធីប្រណាំងទូកនាឆ្នាំនេះ ក៏មានការប្រគំតន្ត្រី របស់សមាគមសិល្បៈករខ្មែរ និងការដាក់តាំងពិព័រណ៍លក់ផលិតផលក្នុងស្រុកជាច្រើនប្រភេទ ព្រមទាំងមានការបាញ់កាំជ្រួច យ៉ាងអស្ចារ្យជាពិសេស ផ្លែកជាងឆ្នាំមុនៗផងដែរ៕

 

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសគាំទ្រចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

Leave a Reply

Your email address will not be published. Required fields are marked *