Breaking News

ប្រជុំគណៈបញ្ជាការឯកភាពខេត្តប្រចាំខែកញ្ញានិងលើកទុសដៅនៃការរៀបចំប្រណាំងទូកនៅខេត្តពោធិ៍សាត់

ខេត្តពោធិសាត់៖ ព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២២ រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រជុំគណៈបញ្ជាការឯកភាពខេត្តប្រចាំខែកញ្ញា និងការរៀបចំការប្រណាំងទូកនៅខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ចេង ឡៃ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ស្ដីទី ដោយមានការចូលរួមពីលោក លោកស្រី ជាអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទីរអង្គភាពនានា និងអភិបាលក្រុងស្រុកទាំង៧ក្នុងខេត្តពោធិ៍សាត់។ 

កិច្ចប្រជុំបានដំណើរការទៅតាមការគ្រោងទុក ដោយមានការពិនិត្យពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកញ្ញាឆ្នាំ២០២២របស់រដ្ឋបាលខេត្ត សេចក្ដីរាយការណ៍អំពីវឌ្ឍនភាពរបស់អនុគណៈកម្មការទាំង៦ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការត្រៀមលក្ខណៈរៀបចំពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ បណ្ដែតប្រទីប នៅថ្ងៃទី១៦ ១៧ និង១៨ ខែតុលាឆ្នាំ២០២២ខាងមុខនេះ។ 

អនុគណៈកម្មការទាំង០៦ដែលដឹកនាំដោយលោក លោកស្រី ជាអភិបាលរងខេត្តរួមមាន៖ អនុគណៈកម្មការរៀបចំទីកន្លែងប្រារព្ធពិធីនិងពិពណ៌ មានលោក ពៅ ពិសិដ្ឋ ជាប្រធាន, អនុគណៈកម្មការរៀបចំទូកនិងបច្ចេកទេស មានលោក លឹម សុខតូ ជាប្រធាន, អនុគណៈកម្មការរៀបចំពានរង្វាន់ជ័យលាភី ប្រពៃណី និងកិច្ចការសាសនា មានលោកស្រី ប៉ុក ណាឌី ជាប្រធាន, អនុគណៈកម្មការផ្សព្វផ្សាយព័ត៌មាន បរិស្ថាន និងអនាម័យ មានលោក សាយ សុជាតិ ជាប្រធាន, អនុគណៈកម្មការសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ មានលោក ចេង ឡៃ ជាប្រធាន, និងអនុគណៈកម្មការចំណូលចំណាយ មានលោក គិត សុផា ជាប្រធាន។ 

ក្នុងឱកាសនោះ លោក ចេង ឡៃ ប្រធានអង្គប្រជុំតំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់មានប្រសាសន៍ថា នៅថ្ងៃទី១៦ ១៧ និង១៨ ខែតុលាឆ្នាំ២០២២ខាងមុខនេះ ខេត្តពោធិ៍សាត់យើងនឹងមានការប្រណាំងទូកដើម្បីអបអរសាទរពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ បណ្ដែតប្រទីប តាមប្រពៃណីដូនតាយើងដែលមានតាំងពីដើមមក។

យើងបានរៀបចំភ្លើងពណ៌ បដា ពាក្យស្លោក ស្ដង់តាំងពិពណ៌ ធុងសំរាម បង្គន់អនាម័យ និងចំណតរថយន្តម៉ូតូយ៉ាងមានរបៀបរៀបរយ ដើម្បីបង្កលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋមកលេងកំសាន្តសប្បាយរីករាយ។

លោក ចេង ឡៃ សូមឲ្យមន្ទីរធនធានទឹកនិងឧតុនិយម គ្រប់គ្រងទឹកស្ទឹងពោធិ៍សាត់ឲ្យបានល្អ ដើម្បីធានាដល់ការប្រណាំងទូកប្រព្រឹត្តទៅដោយរលូន។ 

សមត្ថកិច្ចត្រូវពង្រឹងកម្លាំងការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ 

ដោយឡែកមន្ទីរព័ត៌មានខេត្ត ត្រូវផ្សព្វផ្សាយសកម្មភាពជាក់ស្ដែងនិងទិដ្ឋភាពទាំងស្រុង តាមវិទ្យុ ទូរទស្សន៍ និងបណ្ដាញសង្គមនានា ដើម្បីបង្ហាញដល់មហាជនបានដឹងពីការប្រណាំងទូកនៅខេត្តពោធិ៍សាត់របស់យើង។

ជាមួយគ្នានេះលោក ចេង ឡៃ ក៍បានសុំឲ្យក្រុងស្រុក មន្ទីរពាក់ពន្ធ និងអភិបាលរងខេត្តទទួលបន្ទុកការងារគ្រោះមហន្តរាយ ធ្វើផែនការស្ដារឡើងវិញនូវដំណាំស្រូវដែលខូចខាតដោយគ្រោះទឹកជំនន់ឲ្យបានទាន់ពេលវេលា ដែលសម្ដេចតេជោយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបញ្ហានេះ ព្រោះវាជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ 

សូមបញ្ជាក់ថា ការប្រណាំងទូកនៅខេត្តពោធិ៍សាត់ឆ្នាំ២០២២នេះ មានទូកចូលរួមពីបណ្ដាមន្ទីរអង្គភាពក្រុងស្រុក សរុបទាំងអស់ចំនួន២៦ទូក គឺស្មើនឹង១៣គូរ៕

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *