Breaking News

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងខេត្តសៀមរាប

ក្នុងដំណើរដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប នៅរសៀលថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធសរុបជាង ២ពាន់នាក់។

ជាកិច្ចចាប់ផ្តើមនៃកិច្ចសំណេះសំណាលនេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មមាញឹក ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្ត។ លោកអភិបាលខេត្ត បានហៅវត្តមានសម្តេចតេជោនាវេលានេះ គឺជាការគិតគូរយ៉ាងជ្រាលជ្រៅបំផុតចំពោះសុខទុក្ខរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្ត។

លោកអភិបាលខេត្ត ក៏បានជម្រាបជូនសម្តេចពាក់ព័ន្ធស្ថានភាពមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត។ អភិបាលខេត្ត បានឱ្យដឹងថា មន្ត្រីរាជការ ក្របខណ្ឌក្រសួងមហាផ្ទៃ និងក្របខណ្ឌការិយាល័យជំនាញ ដែលបានធ្វើសមាហរណកម្មនៅក្នុងរចនាសម្ព័ន្ធ នៃរដ្ឋបាលក្រុង ស្រុក ក្របខណ្ឌ ក្រសួងសុខាភិបាល និងក្របខណ្ឌពន្ធនាគារមានចំនួនសរុប ២២៧៣នាក់ ស្រី ៩៤៩នាក់។ មន្ត្រីមិនមែនក្របខណ្ឌរួមមានក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មានចំនួន ៩១១នាក់ ស្រី ២១០នាក់ និងមានកងកម្លាំងសរុបជិត ៣ពាន់នាក់។

លោកអភិបាលខេត្ត ក៏បានជម្រាបសម្តេចតេជោនាយករដ្ឋមន្ត្រី ពាក់ព័ន្ធការងារធំៗមួយចំនួននៅក្នុងខេត្តរួមមានការកាត់ឆ្វៀលដីតំបន់៣ បឹងទន្លេសាប, ការងាររៀបចំវាស់វែងដីនៅរមណីយដ្ឋានអង្គរ និងការបែងចែកដីជូនប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង, ការងារគ្រប់គ្រងគ្រោះមហន្តរាយ, ការងារគ្រប់គ្រងជំងឺកូវីដ១៩, ការងារគ្រប់គ្រង និងរៀបចំកំពង់ផែចុងឃ្នៀស និងការផ្តល់បណ្ណសមធម៌ជាដើម។

ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរជូនចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់ទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតនាពេលកន្លងទៅនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជាប្រយោជន៍ជាតិ និងប្រជាជន។

បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បន្តក្រើនរំលឹក និងណែនាំដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ បន្តប្រឹងប្រែងយកចិត្តទុកដាក់ និងមានស្មារតីទទួលខុសត្រូវខ្ពស់លើការងារភារកិច្ច ជាពិសេសការផ្តល់សេវាផ្សេងៗជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ខេត្តសៀមរាប គឺជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តទាំង២៥ ដែលមានព្រំប្រទល់ខាងលិចទល់នឹងខេត្តបន្ទាយមានជ័យ ខាងកើតទល់នឹងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ខាងជើងទល់ នឹងខេត្តឧត្តរមានជ័យ ខាងត្បូងទល់នឹងខេត្តបាត់ដំបង និងបឹងទន្លេសាប។

ខេត្តមានផ្ទៃក្រឡា ១០,២៩៩.៤៣ គីឡូម៉ែត្រការ៉េ ចែកចេញជា ១២ក្រុង ស្រុក ដែលក្នុង នោះមាន ១ក្រុង ១២សង្កាត់ និង១១ស្រុក ៨៨ឃុំ និងមានភូមិចំនួន ៩១០ភូមិ។

ប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាបមានចំនួន ១,១១៣,៤៧៦នាក់ ស្រី ៥៦៣,៦៣០នាក់ អាយុ ១៨ឆ្នាំឡើងសរុប ៦៧៥,១៦៧នាក់ ស្រី ៣៤៥,៥០២នាក់ ដែលមានអត្រាកំណើន ១.៦៩ ភាគរយ និងមានដង់ស៊ីតេ ១០៦.៤៣នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ៕ដោយ៖ សិរី នាគ

Check Also

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពីកម្រិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងកម្រិតប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ

Leave a Reply

Your email address will not be published. Required fields are marked *