ខេត្តបាត់ដំបង: ក្រោយពេលដែលរាជរដ្ឋាភិបាល បានសម្រេចឲ្យតាមបណ្ដាខេត្តបើកឲ្យដំណើរការឡើងវិញ នូវរមណីយដ្ឋាន តំបន់ទេសចរណ៍ផ្សេងៗនោះ រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានបន្តជួសជុលកែលម្អធ្វើផ្លូវក្រាលកៅស៊ូប្រភេទ Overlay AC ដើម្បីបង្កើនសោភ័ណភាពក្នុងក្រុង និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ។
លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានលើកឡើងថា ក្រោយទឹកជំនន់ចុងឆ្នាំ២០២០ មន្ទីរបានធ្វើការជួសជុលកែលម្អ នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងក្រុង និងតាមបណ្ដាស្រុក មានដូចជា ធ្វើផ្លូវក្រាលកៅស៊ូប្រភេទ Overlay AC, ផ្លូវក្រាលកៅស៊ូប្រភេទ DBST, ការរៀបចំប្រអប់លូ និងជួសជុលស្ពានជាដើម ។
លោកបានបន្តថា នៅពេលនេះ មន្ទីរកំពុងធ្វើផ្លូវក្រាលកៅស៊ូចាប់ពីខាងមុខរូបសំណាក់លោកតាដំបងគ្រញូង រហូតភ្ជាប់ទៅដល់រង្វង់មូលព្រាបស (ផ្លូវជាតិលេខ៥) ដើម្បីបង្កើនសោភ័ណភាពក្នុងក្រុងបាត់ដំបង និងកាន់តែធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋបានស្រួលជាងមុន ហើយផ្លូវនេះមានប្រវែងសរុបប្រមាណ ២០០០ម៉ែត្រ ខណៈកន្លងមកក៏បានចាក់កៅស៊ូប្រភេទនេះជិតរួចហើយ ដែរពីរង្វល់មូលព្រាបស ទៅដល់ជិតចំណុចបំបែកផ្លូវល្បឿងលឿន។
ជាមួយគ្នានេះលោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជួយថែរក្សាសមិទ្ធផលទាំងអស់នេះ ប្រើប្រាស់ឲ្យបានយូរ ព្រមទាំងរួមគ្នាបន្តអនុវត្តគោរពច្បាប់ចរាចរណ៍ ដើម្បីឲ្យការ ធ្វើដំណើរតាមដងផ្លូវ មានសុវត្ថិភាពទាំងអស់គ្នា និងកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍៕