ខេត្តបាត់ដំបង៖ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល និងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះសហការជាមួយកម្លាំងនគរបាលខណ្ឌទួលគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ក្រោយគេចខ្លួនបន្ទាប់ពីលួចយកម៉ូតូ០១គ្រឿងបានសម្រេច។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានអោយដឹងថា កិច្ចប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ១១និង១០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ តតាមបទបញ្ជាររបស់ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ក្រោយទទួលបានបណ្តឹងរបស់ឈ្មោះ ភន រស់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ឈុំ សីហា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិស្វាយ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធ ខេត្តកំពង់ចាម ដែលជនសង្ស័យខាងលើកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៦និង៥០នាទី រូបគេបានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿងរបស់ជនរងគ្រោះនៅចំណុចទំនប់ស៊ីម៉ងត៍ ស្ថិតក្នុងភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
ក្រោយពីឃាត់ខ្លួនសាកសួរជនសង្ស័យបានសារភាពថារូបគេពិតជាបានធ្វេីសកម្មភាពលួចយកម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខបាត់ដំបង1AO-7235 លេខតួND125M-6238119 លេខម៉ាស៊ីនND125ME-6238 របស់ជនរងគ្រោះខាងលើពិតប្រាកដមែន បន្ទាប់មកផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទៅតាមនីតិវិធីច្បាប់ ចំណែកវត្ថុតាងម៉ូតូដែលដកហូតត្រូវបានប្រគល់ជូនដល់ម្ចាស់វិញផងដែរ៕