Breaking News

ប្រធានាធិបតីបៃឌិន ក្លាយជាប្រធានាធិបតីវ័យចំណាស់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក

នៅពេលនេះលោកបៃឌិនបានឈានចូលវ័យ​៨០ឆ្នាំ ក្លាយទៅជាប្រមុខដឹកនាំអាមេរិក ដែលមានវ័យចំណាស់បំផុត ក្នុងប្រវត្តិសាស្ត្រ អាមេរិក ។ ប្រសិនបើលោកជាប់ឆ្នោតមួយអាណត្តិទៀតនៅឆ្នាំ ២០២៤ ហើយបន្តកាន់ តំណែងដល់ឆ្នាំ ២០២៨នោះ លោកនឹងមានវ័យ​៨៦ឆ្នាំហើយ។

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា លោក ចូ បៃដិន នៅថ្ងៃ២០ខែវិច្ឆិកា (ពេលវេលានៅសហរដ្ឋអាមេរិក) បានឈានចូលអាយុ ៨០ឆ្នាំហើយ ដែលនេះបានធ្វើ​ឱ្យលោកក្លាយជា ប្រធានាធិបតីដំបូងគេបំផុតដែលមានអាយុ ៨០ឆ្នាំ នៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។

តាមពិតទៅ ជាទូទៅ នៅក្នុងសហរដ្ឋអាមេរិក អាយុត្រូវចូលនិវត្តន៍គឺ៦៥ឆ្នាំ ប៉ុន្តែប្រជាជនអាមេរិករាប់លាននាក់ ក្នុងនោះរួមមានទាំងប្រធានាធិបតីអាមេរិក បច្ចុប្បន្នកំពុងធ្វើការលើសអាយុចូលនិវត្តន៍នេះទៅទៀត។ បញ្ហាអាយុរបស់លោក ចូ បៃដិន បាន និងកំពុងក្លាយជាកង្វល់មួយសម្រាប់គណបក្សប្រជាធិបតេយ្យ ខណៈអ្នកប្រជាធិបតេយ្យមួយចំនួនយល់ថាលោក បៃដិន មិនគួរឈរឈ្មោះប្រកួតប្រជែងជាថ្មីសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤នោះទេ។

ការស្ទង់មតិមួយធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន Reuters និងស្ថាប័ន Ipsos នៅចន្លោះពីថ្ងៃទី៨ ដល់ទី៩ ខែវិច្ឆិកានេះបានបង្ហាញថាអ្នកប្រជាធិបតេយ្យ ៧១ភាគរយ នៅតែជឿថាលោក បៃដិន មានសមត្ថភាពដោះស្រាយបញ្ហាប្រឈមនានា ហើយ៤៦ភាគរយ និយាយថាលោកមិនគួរឈរឈ្មោះជាថ្មីសម្រាប់ ការបោះឆ្នោតឆ្នាំ២០២៤នោះទេ។ បើតាមការស្ទង់មតិដដែល អ្នកសាធារណរដ្ឋត្រឹមតែ ២៦ភាគរយប៉ុណ្ណោះគិតថាលោកមិនគួរឈរឈ្មោះជាបេក្ខជន ប្រធានាធិបតីអាមេរិកសាជាថ្មី។

លោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុនបានប្រកាសជាផ្លូវការហើយថាលោកនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៤ រីឯលោក ចូ បៃដិន មិនទាន់ធ្វើការប្រកាសជាផ្លូវការណាមួយនៅឡើយទេ តែលោកក៏ធ្លាប់បានបង្ហាញពីបំណងចង់ឈរឈ្មោះជាថ្មីផងដែរ៕

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *