Breaking News

ក្រុមហ៊ុន Orange SA របស់បារាំងបានជំរាបសម្តេចធិបតី ហ៊ុន ម៉ាណែត អំពីការព្យាយាមពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីពង្រឹងប្រព័ន្ធ 5G

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group និងជាតំណាង Orange Group នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ចូលសម្ដែងការគួរសម និងពិភាក្សាការងារក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

លោកនាយកប្រតិបត្តិ បានជម្រាបអំពីវឌ្ឍនភាពរីកចម្រើន និងសកម្មភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Orange Group និងបំណងនៃការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ លោកនាយកប្រតិបត្តិបានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុន Orange Group បានចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនក្នុងស្រុក​ ហើយបច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងព្យាយាមពង្រីកការវិនិយោគបន្ថែមទៀត ដើម្បីពង្រឹងប្រព័ន្ធ 5G ឱ្យមានប្រសិទ្ធភាពខ្ពស់ មានគុណភាពល្អ និងកាត់បន្ថយចំណាយលើការប្រើប្រាស់។ លោកនាយកប្រតិបត្តិ បានគូសបញ្ជាក់ថា ក្រុមហ៊ុនOrange Group ចាប់អារម្មណ៍លើការពង្រីកការវិនិយោគបន្ថែមទៀតលើការតភ្ជាប់ផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ពីកម្ពុជាទៅកាន់បណ្ដាប្រទេសផ្សេងៗទៀត​ តាមរយៈ​ខ្សែកាបអុបទិកក្រោមបាតសមុទ្រពីកម្ពុជាទៅ​បណ្តា​ប្រទេស​នានា​។

សម្តេចធិបតី បានស្វាគមន៍ ចំពោះលោក Emmanuel Rochas នាយកប្រតិបត្តិ និងសហការី និងបានបង្ហាញក្តីរីករាយចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតី បានស្នើដល់ក្រុមហ៊ុនបន្តពិភាក្សាជាមួយដៃគូសហការ ដែលមានស្រាប់​ និងបន្តកិច្ចពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងព័ត៌មាន៕

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *