អូស្ត្រាលី៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងជំរុញលើកទឹកចិត្តវិនិយោគិនអូស្រ្តាលីស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជាលើវិស័យសក្តានុពល។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញលើកទឹកចិត្តក្រុមហ៊ុនរបស់អូស្រ្តាលីស្វែងរកដៃគូ និងវិនិយោគបន្ថែមនៅកម្ពុជា ។
ការបង្ហាញសក្តានុពល និងអំពាវនាវនេះក្នុងឱកាស នៃការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវេទិការធុរកិច្ចអូស្រ្តាលី -កម្ពុជាដែលសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្ម និង ឧស្សាហកម្មវិទ័ររៀ និង ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្តេចធិបតីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ។
ក្នុងពិធីនេះដែលមានការចូលរួមពីអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អូស្ត្រាលី រដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មញូសោសវែល (New South Wales) ក្រុមហ៊ុនរបស់ប្រទេសទាំងពីរ និង តំណាងពីស្ថាប័នពាក់ព័ន្ធសរុបជាង ៣៥០ នាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរដល់សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្ម និងឧស្សាហកម្មវិទ័ររៀ របស់អូស្រ្តាលីដែលបានរៀបចំវេទិការធុរកិច្ចនេះឡើងដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងប្រាប់វិនិយោគិនអូស្រ្តាលីថា កម្ពុជាមានសក្តានុពលច្រើន រាជរដ្ឋាភិបាលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ព្រលានយន្តហោះកំពង់ផែ តំបន់សេដ្ឋកិច្ចពិសេស និងបានបង្ករលក្ខណៈងាយស្រួលសំរាប់អ្នកវិនិយោគ។
សម្តេចធិបតី បានលើកឡើងពីការយកចិត្តទុកដាក់ដល់វិស័យឯកជន ដែលរាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាដៃគូរជាមួយនឹងរាជរដ្ឋាភិបាល។ សម្តេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលបានពង្រឹងកិច្ចសន្ទនាជាមួយវិស័យឯកជនឱ្យកាន់តែខ្លាំងឡើងតាមរយៈការរៀបចំវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនឱ្យបានទៀងទាត់ ដោយសម្តេចអញ្ជើញធ្វើជាអធបិតីដោយផ្ទាល់តែម្តង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់ការគាំទ្រ និងកិច្ចសម្របសម្រួលគ្រប់រូបភាពដើម្បីឱ្យធុរជន និងអ្នកវិនិយោគបរទេស អាចធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាប្រកបដោយផ្លែផ្កា និងរីកចម្រើន»។
សម្តេចធិបតី បានថ្លែងថា កម្ពុជាអំណោយផលដល់ការធ្វើធុរកិច្ច, ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈ ការសម្រួល និងការធ្វើសាមញ្ញកម្ម នីតិវិធីពាក់ព័ន្ធនានា, ការធ្វើឌីជីថលភាវូបនីយកម្មសម្រាប់ការផ្តល់សេវាសាធារណៈ និងកិច្ចការរដ្ឋបាល, ការពង្រឹងសមត្ថភាពស្ថាប័ន, និងការលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចសម្របសម្រួលអន្តរក្រសួង-ស្ថាប័ន។ល។
បន្ទាប់មកសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នារវាង៖ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវិទ័ររៀ ដើម្បីចូលរួមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរវាងព្រះរាជាណចក្រកម្ពុជា និង ប្រទេសអូស្រ្តាលី។សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ជាមួយក្រុមហ៊ុន La Vie Hospitality Group ដើម្បីចូលរួមទាក់ទាញវិនិយោគលើវិស័យទេសចរណ៍៕