Breaking News

ក្រុមហ៊ុន SPC បានជំរាបសម្តេចធិបតី ហ៊ុន ម៉ាណែត ពីបំណងវិនិយោគលើឧស្សាហកម្មចំណីអាហារនៅកម្ពុជា

អូស្ត្រាលី៖ លោកប្រធានក្រុមហ៊ុន SPC Group ជំរាបសម្តេចធិបតី ហ៊ុន ម៉ាណែត ពីបំណងវិនិយោគលើឧស្សាហកម្មចំណីអាហារនៅកម្ពុជា។ ការបង្ហាញបំណងនេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។

លោកប្រធានក្រុមហ៊ុន SPC Group បានមានប្រសាសន៍ថា “អូស្ត្រាលី មានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក រួមទាំងតំបន់អាស៊ាន។ លោកប្រធានក្រុមហ៊ុន បានបន្ថែមទៀតថា ក្រុមហ៊ុនផ្ដោតលើវិស័យកសិ-ឧស្សាហកម្ម ហើយមានជំនាញលើការផលិតចំណីអាហារ និងការកែច្នៃវេចខ្ចប់ផ្លែឈើ ដែលបច្ចុប្បន្ននេះក្រុមហ៊ុនក៏មានរោងចក្រក្នុងការកែច្នៃផលិតផលពីផ្លែឈើដើម្បីនាំចេញទៅបណ្តាទីផ្សារទាំងនៅក្នុងតំបន់អាស៊ី និងពិភពលោកផងដែរ ហើយក្រុមហ៊ុនក៏មាននាំចូលនូវវត្ថុធាតុដើមពីបណ្ដាប្រទេសមួយចំនួន ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែង នូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុន និងបានគូសបញ្ជាក់អំពីភាពទាក់ទាញនៃបរិស្ថានវិនិយោគដែលមានភាពប្រាកដនិយម អនុគ្រោះ និងបត់បែន ដោយរាជរដ្ឋាភិបាលបានដាក់ចេញ គោលនយោបាយ ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងការលើកទឹកចិត្តនានា សម្រាប់វិនិយោគិន និងធុរជន ជាពិសេសលើវិស័យកសិកម្ម។ សម្ដេចធិបតីក៏បានបន្ថែមថា វិស័យកសិកម្មជាវិស័យអាទិភាពមួយ ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មដែលរួមមានការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ការបង្កើតឱ្យមាននូវយន្តការក្នុងការគាំទ្រដល់ប្រជាកសិករ ការបង្កើតនូវសមាគមកសិករទំនើប ការលើកកម្ពស់នូវគុណភាពផលិតផល ដើម្បីពង្រឹងនូវផលិតភាព និងគុណភាពផលិតផលកសិកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតី ក៏បានគូសរំលេចពីគោលនយោបាយគាំទ្រនិងលើកទឹកចិត្តដល់ការវិនិយោគលើវិស័យកសិកម្ម ដែលរួមមានការលើកលែងពន្ធលើដីកសិកម្ម ពន្ធនាំចូលសម្ភារកសិកម្ម និងពន្ធកសិផលកសិកម្ម ក៏ដូចជាការធានានូវតម្លៃអគ្គិសនី ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រព័ន្ធធារាសាស្ត្រ ដែលជាកត្តាគន្លឹះជួយកាត់បន្ថយថ្លៃដើមផលិត ដើម្បីរក្សានូវភាពប្រកួតប្រជែងក្នុងទីផ្សារ។

ឆ្លើយតបទៅនឹងបំណងវិនិយោគរបស់ក្រុមហ៊ុន សម្ដេចធិបតី បានស្វាគមន៍ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ៕

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *