សហរដ្ឋអាម៉េរិក៖ អតីតមេដឹកនាំអាម៉េរិក និងជាបេក្ខភាពប្រកួតប្រជែងប្រធានាធិបតីមកពីគណបក្សសាធារណៈរដ្ឋ លោកដូណាល់ ត្រាំបានបញ្ជាក់នៅថ្ងៃសៅរ៍ម្សិលមិញថា លោកត្រូវបានគេលបបាញ់វាយប្រហារចំស្លឹកត្រចៀក នៅអំឡុងការថ្លែងសុន្ទរកក្នុងព្រឹត្តការណ៍ជួបជុំក្រុមអ្នកគាំទ្ររបស់លោកនៅក្នុងរដ្ឋ Pennsylvania។
បុរសជាខ្មាន់កាំភ្លើងដែលបានលបបាញ់ប្រហារលើលោកដូណាល់ត្រាំ ត្រូវបានបាញ់សម្លាប់ដោយភ្នាក់ងារសម្ងាត់របស់អាម៉េរិក បន្ទាប់ពីបរាជ័យក្នុងការប៉ុនប៉ងឃាតកម្មចំពោះលោកត្រាំនៅក្នុងទីក្រុង Butler នៃរដ្ឋ Pennsylvania ។
បើតាមការអះអាងរបស់ភ្នាក់ងារសម្ងាត់អាម៉េរិកបានឱ្យដឹងថា បុរសជាខ្មាន់កាំភ្លើងខាងលើបានបន្លំខ្លួនចូលរួមក្នុងព្រឹត្តការណ៍ជួបជុំរបស់លោកដូណាល់ត្រាំ ខណៈការបាញ់ប្រហារមួយនេះបានធើ្វឱ្យមនុស្សចំនួន ២នាក់ត្រូវរងរបួសធ្ងន់។
ហើយបើតាមសាក្សីម្នាក់ក្នុងហេតុការណ៍នេះប្រាប់សារព័ត៌មាន BBC ថា គេបានឃើញបុរសម្នាក់មានកាន់កាំភ្លើងវែងមួយដើមបានលូនក្រោបនៅលើដំបូលផ្ទះមួយកន្លែងនៅក្បែរនោះ មុនពេលការបាញ់ប្រហារបានផ្ទុះឡើង។
យោងតាមរូបភាពវីដេអូបានបង្ហាញឱ្យឃើញនូវស្ថានភាពលោកដូណាល់ត្រាំបានរងរបួសស្លឹកត្រចៀកខាងស្តាំផ្នែកខាងលើ ខណៈនៅអំំឡុងពេលបាញ់ប្រហារភ្លាមៗនោះ លោកបានឱនទៅក្រោមឆាកវេទិកាដើម្បីគេចពីគ្រាប់កាំភ្លើងមុននឹងងើកមកវិញជាមួយនិងមុខរបួសនិងមានឈាមត្រឡាប់នៅលើផ្ទៃមុខ៕SRN