Breaking News

សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីចូបៃដិន ក្រោយមានករណីបាញ់ប្រហារលើលោកដូណាល់ត្រាំ

សហរដ្ឋអាម៉េរិក៖ នៅប៉ុន្មានម៉ោង បន្ទាប់ពីហេតុការណ៍បាញ់ប្រហារទៅលើលោកដូណាល់ត្រាំដែលជាបេក្ខភាពប្រកួតប្រជែងតំណែងប្រធានាធីបតីរបស់គណបក្សសាធារណរដ្ឋនៅឯព្រឹត្តិការណ៍ជួបជុំក្រុមអ្នកគាំទ្រក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រធានាធិបតីអាម៉េរិកលោកចូបៃដិនបានចេញមុខធើ្វសេចក្តីថ្លែងការណ៍មួយជុំវិញករណីនេះ ដោយលោកបានហៅការប៉ុនប៉ងឃាតកម្មទៅលើលោកដូណាល់ត្រាថាជាទង្វើដ៏គួរស្អប់ខ្ពើមបំផុត និងមិនត្រូវឱ្យកើតមានជាដាច់ខាតនៅក្នុងប្រវត្ថិសាស្រ្តនយោបាយរបស់សហរដ្ឋអាម៉េរិក។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីដែលមានរយៈពេលជាង ២នាទីនេះ លោកចូបៃឌិនបានបន្ថែមបញ្ជាក់ថា លោកនៅពុំទាន់បានជួបនិយាយដោយផ្ទាល់ជាមួយលោកដូណាល់ត្រាំនៅឡើយទេ ប៉ុន្តែលោកនឹងព្យាយាមរកឱកាសជួបពិភាក្សាជាមួយលោកត្រាំឱ្យបានក្នុងពេលឆាប់ៗ ខណៈលោកបានបង្ហាញភាពជឿជាក់ថានឹងពុំមានអ្វីធ្ងន់ធ្ងរកើតឡើងចំពោះលោកដូណាល់ត្រាំនោះឡើយ។

លោកចូបៃដិនបានលើកឡើងដូច្នេះ ដោយយោងតាមការរាយការណ៍ពីភ្នាក់ងារសម្ងាត់ និងអាជ្ញាធរសន្តិសុខជាតិរបស់អាម៉េរិក ប៉ុន្តែព័ត៌មានលម្អិតអំពីស្ថានភាពរបស់លោកដូណាល់ត្រាំយ៉ាងណានោះ នៅពុំត្រូវបានគេបើកបង្ហាញជាសាធារណៈនៅឡើយ។

ប្រឈមនឹងហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ លោកប្រធានាធិបតីចូបៃឌិនបានថ្លែងជំរុញឱ្យពលរដ្ឋអាម៉េរិកត្រូវពង្រឹងសាមគ្គីភាព ដើម្បីបង្រួបបង្រួមសង្គមជាតិឱ្យបានរឹងមាំឡើងវិញ ខណៈលោកបានបន្តថា អាម៉េរិកមិនត្រូវបណ្តោយឱ្យមានរឿងរ៉ាវដូច្នេះកើតឡើងជាដាច់ខាត ហើយពលរដ្ឋគ្រប់រូបត្រូវតែចូលរួមថ្កោលទោសចំពោះទង្វើដ៏អាម៉ាសមួយនេះ។

តបទៅនឹងសំណួររបស់អ្នកកាសែតម្នាក់ដែលបានចោទសួររូបលោកថាតើ ហេតុការណ៍បាញ់ប្រហារនេះពិតគឺជាករណីប៉ុនប៉ងឃាតកម្មលើលោកដូណាល់ត្រាំឫក៏យ៉ាងណា ត្រូវបានលោកប្រធានាធិបតីចូបៃឌិនថ្លែងឱ្យដឹង “លោកមិនទាន់ទទួលបានព័ត៌មានគ្រប់គ្រាន់ដើម្បីអាចបញ្ជាក់រឿងនេះបាននៅឡើយ ដោយលោកបានជំរុញឱ្យមានការរងចាំលទ្ធផលស៊ើបអង្កេតច្បាស់លាស់ជាមុនពីភ្នាក់ងារសម្ងាត់របស់អាម៉េរិក មុននឹងលោកអាចធើ្វការអត្ថាធិប្បាយលម្អិតបន្ថែមបាន”៕SRN

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *