ភ្លៀងធ្លាក់ខ្លាំងក្លាយជាទឹកជំនន់ បណ្តាលឲ្យលិចលង់តំបន់ភាគ ឦសាន្តនៃប្រទេសបង់ក្លាដែស បណ្តាលឲ្យខូចខាតស្ថានីផ្គត់ផ្គង់ទឹក សាលារៀនជាង ៥ពាន់កន្លែងត្រូវបិទទ្វារ …ដោយសារតែទឹកលិច។
តាមការប្រកាសរបស់អង្គការ UNICEF បានប្រកាសនៅថ្ងៃទី ២៤ខែមិថុនាឆ្នាំ២០២២ថា មានកុមារ៣,៥លាននាក់ នៅក្នុងប្រទេសបង់ក្លាដែស មិនបានទៅសាលាដោយសារតែទឹកជំនន់ ។ តំណាងអង្គការយូនីសេហ្វ (UNICEF) ប្រចាំប្រទេសបង់ក្លាដែស លោក Sheldon Yett បាននិយាយនៅថ្ងៃ២៥ខែមិថុនាថា កុមារចំនួន១៥នាក់បានលង់ទឹកស្លាប់ នៅពេលដែលទឹកជំនន់ហូរកាត់ភ្លាមៗ ហើយកុមារចំនួន ៣.៥លាននាក់ផ្សេងទៀតកំពុងត្រូវការទឹកស្អាតប្រើប្រាស់ជាបន្ទាន់ ខណៈដែលហានិភ័យនៃជំងឺអាសន្នរោគកំពុងកើនឡើង។
ថ្លែងក្នុងសន្និសីទទីក្រុងហ្សឺណែវ លោក សែលដុន យេត បានគូសបញ្ជាក់ថា «នោះជាចំនួនកុមារដ៏គួរឲ្យភ្ញាក់ផ្អើល ហើយវាបានកើនឡើងរយៈពេលពីរ ទៅបីថ្ងៃចុងក្រោយនេះ។ ផ្ទៃដីដ៏ធំកំពុងស្ថិតក្រោមទឹកជំនន់ទាំងស្រុង ហើយត្រូវបានកាត់ផ្តាច់ចេញពីការផ្គត់ផ្គង់ទឹកស្អាត និងសុវត្ថិភាពម្ហូបអាហារ។ ពេលនេះកុមារត្រូវការជំនួយ»។ លោក បានបន្ថែមថា ទឹកជំនន់ក៏បានរំខានដល់មូលដ្ឋានសុខាភិបាល នាំឲ្យមានការបិទសាលារៀន និងរំខានដល់ការព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភសម្រាប់កុមាររាប់រយនាក់ផងដែរ។
រដ្ឋាភិបាលបង់ក្លាដែស និងទីភ្នាក់ងារផ្តល់ជំនួយ បានប្រញាប់ប្រញាល់ធ្វើការផ្តល់ជំនួយ រួមទាំងទឹកស្អាត និងការផ្គត់ផ្គង់របស់របរផ្សេងទៀត បន្ទាប់ពីទឹកជំនន់បានកើតឡើងភ្លាមៗ នៅទូទាំងមួយភាគបួន នៃប្រទេសអាស៊ីខាងត្បូងមួយនេះ៕SRN