ប្រធានាធិបតីបៃឌិន ក៏បានលើកឡើងផងដែរថា ដំណើរទស្សនកិច្ចកោះតៃវ៉ាន់ របស់ប្រធានរដ្ឋសភាលោកស្រី Pelosi គឺមិនមែនជាទស្សនល្អក្នុងពេលបច្ចុប្បន្ន។
សារ ព័ត៌មាន The Guardian របស់អង់គ្លេស បានដកស្រង់ប្រភពព័ត៌មាន បានឲ្យដឹងថា ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi នឹងដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ នៅខែសីហាខាងមុខ ។
ដំណើរទស្សនកិច្ច ត្រូវបានឡើងគម្រោងតាំងពីខែមេសា តែត្រូវបានពន្យាពេល ដោយសារតែលោកស្រី ធ្វើតេស្តវិជ្ជមានកូវិដ ១៩ ។ ប្រធានាធិបតីអាមេរិក លោកបៃឌិនក៏បានលើកឡើងផងដែរថា «ខ្ញុំគិតថាកម្លាំងទាហានអាមេរិក យល់ឃើញថានេះមិនមែនជាពេលវេលាល្អសម្រាប់បំពេញទស្សនកិច្ចថ្នាក់ខ្ពស់នោះឡើយ។ ការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោកបៃឌិន ក្នុងពេលដែល លោកនឹងជួបពិភាក្សា ជាមួយសមភាគីចិន គឺប្រធានាធិបតីស៊ីជិនពីងនៅចុងខែកក្កដានេះ។
ប្រសិនបើជួបពិភាក្សាតាមការគ្រោងទុកនោះ គឺជាជំនួបលើកដំបូង ក្នុងរយៈពេល ៤ខែកន្លងមក ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ប្រមុខដឹកនំាប្រទេសមហាអំណាចទំាងពីរ នឹងពិភាក្សា ផ្តោតសំខាន់ទៅលើបញ្ហាកោះតៃវ៉ាន់ រហូតដល់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ ពាក់ព័ន្ធនឹងគម្រោងទស្សកិច្ចកោះតៃវ៉ាន់ របស់ប្រធានរដ្ឋសភា Nancy Pelosi អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសនៅក្នុងសន្និសីទ្ធកាសែត នៅថ្ងៃទី ២៥ខែកក្កដា ចិនប្រឆាំងយ៉ាងដាច់ខាតដល់ដំណើរទស្សនកិច្ចរបស់លោកស្រី នឹងធ្វើឲ្យទំនាក់ទំនងកាន់តែអាក្រក់ថែមទៀត ៕