កោះតៃវ៉ាន់បានប្រកាសថា បានឃើញយន្តហោះចិនចំនួន២១គ្រឿងរបស់ចិន ហោះចូលដែនអាកាស របស់កោះតៃវ៉ាន់ ។ នៅយប់ថ្ងៃទី២ខែសីហា ចិនបានធ្វើសកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់ នៅក្នុងសកម្មភាពធ្វើសមយុទ្ធបាញ់គ្រាប់ពិត។
ការធ្វើសមយុទ្ធនោះមានយុទ្ធសាស្ត្រពីរគឺបាញ់គ្រាប់ពិតរយៈចម្ងាយឆ្ងាយ និងសាកល្បងមីស៊ីលបំពាក់ក្បាលគ្រាប់ធម្មតា ដោយមានគោលដៅវាយប្រហារនៅភាគខាងកើតកោះតៃវ៉ាន់។
នៅព្រឹកថ្ងៃទី ៣ខែសីហា កម្លាំងការពារដែនអាកាសកោះតៃវ៉ានបានឲ្យដឹងថា យន្តះចម្បំាង ២១គ្រឿងដែលកោះតៃវ៉ាន់បានឃើញនៅមាន ៨គ្រឿងប្រភេទJ-11 និង១០គ្រឿងទៀតប្រភេទ J-16 រួមទាំងយន្តហោះប្រកាសអាសន្ន KJ-500 AEW & C និងយន្តហោះស៊ើបការណ៍ Y-8 ELINT។
សកម្មភាពធ្វើសមយុទ្ធកើតឡើង ក្នុងពេលដែល ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បានធ្វើដំណើរទៅដល់សភាតៃវ៉ាន់ហើយនៅថ្ងៃពុធនេះ ជាការចាប់ផ្ដើមបំពេញ ទស្សនកិច្ចដ៏ចម្រូងចម្រាស និងជួបពិភាក្សាការងារជាមួយសមាជិកសភាជាន់ខ្ពស់តៃវ៉ាន់។
ថ្លែងនៅក្នុងសុន្ទរកថាខ្លីមួយមុននឹងចាប់ផ្ដើមកិច្ចប្រជុំនៅឯសភាតៃវ៉ាន់ លោកស្រី ផេឡូស៊ី បានបញ្ជាក់ដូច្នេះថា «យើងមកដើម្បីមិត្តភាពចំពោះតៃវ៉ាន់។ យើងមកដើម្បីសន្តិភាពនៅក្នុងតំបន់»។ លោកស្រី ផេឡូស៊ី ដំបូងឡើយ គ្រោងនឹងជួបពិភាក្សាការងារជាមួយប្រធានសភាតៃវ៉ាន់ លោក យូ ស៊ី គុន (You Si-Kun) តែដោយសារលោក យូ ឆ្លងកូវីដ ដូច្នេះលោកស្រីនឹងត្រូវទទួលស្វាគមន៍ដោយអនុប្រធានសភាតៃវ៉ាន់ លោក ត្សៃ ឈីចាង (Tsai Chi-Chang)។
លោកស្រី ផេឡូស៊ី ក៏នឹងត្រូវជួបពិភាក្សាការងារជាមួយមេដឹកនាំតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន ព្រមទាំងសកម្មជនប្រជាធិបតេយ្យហុងកុង និងតៃវ៉ាន់ផងដែរ នៅថ្ងៃពុធនេះ៕