Breaking News

កូរ៉េខាងជើងបាញ់កាំភ្លើងធំបន្ថែមទៀតចូលសមុទ្រ ដើម្បីតវ៉ាប្រឆាំងការធ្វើសមយុទ្ធបាញ់គ្រាប់ពិត របស់កូរ៉េខាងត្បូងនិងអាមេរិក

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអង្គារនេះថា យោធាកូរ៉េខាងជើងបានចេញបញ្ជាឱ្យ មានការបាញ់កាំភ្លើងធំបន្ថែមទៀតចូលក្នុងសមុទ្រ ដើម្បីឆ្លើយតបចំពោះការធ្វើសមយុទ្ធបាញ់គ្រាប់ពិត រវាងកូរ៉េខាងត្បូងនិង​សហរដ្ឋអាមេរិក នៅក្បែរព្រំប្រទល់អន្តរកូរ៉េ។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយ KCNA យោធាកូរ៉េខាងជើងបានប្រទះឃើញ នូវសញ្ញានៃការបាញ់ផ្លោងចេញពី​ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតនិងកាំភ្លើងធំហោវីតសឺ (Howitzer) របស់យោធាកូរ៉េខាងត្បូង នៅក្បែរតំបន់ព្រំដែន ចាប់ពីម៉ោង៩៖១៥នាទី​ព្រឹក បន្ទាប់ពីសកម្មភាពយោធាស្រដៀងគ្នា កាលពីថ្ងៃចន្ទ។ កូរ៉េខាងជើងទំនងជាចង់សំដៅលើ សមយុទ្ធយោធាបាញ់គ្រាប់ពិត រវាងកូរ៉េខាងត្បូងនិងអាមេរិក នៅឯស្រុកឆេអរវ៉ុន (Cheorwon) ដែលមានចម្ងាយជាង ៧០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល។

អ្នកនាំពាក្យយោធាកូរ៉េខាងជើង បាននិយាយដូច្នេះថា «យើងបានចេញបញ្ជាភ្លាមៗ ឱ្យកងអង្គភាពកាំភ្លើងនិងគ្រាប់ផ្លោង ធ្វើការបាញ់ចូលទៅក្នុងសមុទ្របន្ថែមទៀត ដើម្បីជាសារព្រមានដ៏ធ្ងន់មួយ ហើយយើងទទូចឱ្យខាងសត្រូវបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពយោធាបង្កហេតុនានា នៅក្នុងតំបន់ក្បែរព្រំប្រទល់»

ការបាញ់ព្រមាននាថ្ងៃអង្គារនេះកើតមានឡើង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់ផ្លោងកាំភ្លើងធំចំនួនប្រហែល ១៣០គ្រាប់ ចូលទៅក្នុងសមុទ្រនៅភាគខាងកើត និងខាងលិចឆ្នេររបស់ខ្លួន ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់​សម្ពន្ធមិត្តកូរ៉េខាងត្បូង-អាមេរិក។ ទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៉ីនតោន បានអះអាងថា សមយុទ្ធយោធារួមគ្នាគឺចាំបាច់ដើម្បី​ទប់ទល់កូរ៉េខាងជើង ដែលក្នុងឆ្នាំនេះបានបាញ់សាកល្បងមីស៉ីលច្រើនមិនធ្លាប់មាន ហើយហាក់កំពុងត្រៀមធ្វើតេស្តនុយក្លេអ៊ែរ ជាលើកដំបូងឡើងវិញថែមទៀតផង គិតចាប់តាំងពីឆ្នាំ២០១៧មក៕SRN

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *