Breaking News

ជនជាតិរ៉ូហ៊ីងយ៉ា គេចពីការធ្វើទុក្ខបុកម្នេញ របស់របបសឹក មីយ៉ាន់ម៉ា រត់តាមទូកទាំងអត់អាហាររាប់ថ្ងៃ

ហ្សាការតា៖ ការធ្វើទុក្ខបុកម្នេញយ៉ាងឃោរឃៅ ពីទាហានមីយ៉ាន់ម៉ា បាននិងកំពុងតែធ្វើឲ្យជនជាតិភាគតិមូស្លីមរ៉ូហ៊ីងយ៉ា រត់ភៀសខ្លួនចេញពីប្រទេសអាស៊ានមួយនេះ ដោយខ្លះបានរត់ទៅកាន់ប្រទេសបង់ក្លាដែស និងបណ្ដាប្រទេសផ្សេងៗទៀត ហើយឥឡូវនេះ ក៏មានសេចក្ដីរាយការណ៍ អំពីជនជាតិរ៉ូហ៊ីងយ៉ា (Rohingya) ប្រហែលជិត២០០នាក់ បានរត់តាមទូកឆ្លងកាត់សមុទ្រ អស់រយៈពេលជាច្រើនសប្ដាហ៍ ទៅសុំសិទ្ធិជ្រកកោណនៅក្នុងប្រទេសឥណ្ឌូណេស៊ី។

នេះបើតាមសារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយកាលពីព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូនេះថា ទូកមួយគ្រឿង បានដឹកជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ជាង១៨០នាក់ រត់ភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា។ ទូករបស់ពួកគេ គ្មានភ្លើង ហើយបានរសាត់អណ្ដែតអស់រយៈពេលជាច្រើនថ្ងៃ ទម្រាំទៅដល់ខេត្តអាសេ (Aceh) ប្រទេសឥណ្ឌូណេស៊ី និងសុំសិទ្ធិជ្រកកោណនៅទីនោះ។ នេះជាទូកទី២របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បានទៅដល់ខេត្តអាសេ នៅក្នុងរយៈពេល២ទៅ៣ថ្ងៃកន្លងមកនេះ។

ជនជាតិរ៉ូហ៊ីងយ៉ា បានរងនូវការធ្វើបាបយ៉ាងខ្លាំង នៅតាមភូមិឋានរបស់ពួកគេ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ឥឡូវនេះ ជនជាតិរ៉ូហ៊ីងយ៉ាជាងមួយលាននាក់ កំពុងតែរស់នៅក្នុងជំរំយ៉ាងចង្អៀតណែនតាន់តាប់ ស្ថិតនៅភាគខាងត្បូង ប្រទេសបង់ក្លាដែស ក្រោយពេលពួកគេ បានរត់ភៀសខ្លួនគេចចេញពីយុទ្ធនាការប្រឆាំងនឹងពួកគេ បង្កឡើងដោយយោធាមីយ៉ាន់ម៉ា។ សកម្មភាពរបស់កងទ័ពមីយ៉ាន់ម៉ា ធ្វើឲ្យអង្គការសហប្រជាជាតិជឿថា អាចឈានដល់ការប្រល័យពូជសាសន៍។

ក្រុមសកម្មជន និងសមាជិកគ្រួសារ អាចហៅទូរស័ព្ទបានម្តងម្កាលទៅកាន់ទូករបស់ពួកគេ ដែលកំពុងតែធ្វើដំណើរតាមសមុទ្រ។ ជាមួយគ្នានេះដែរ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានអំពាវនាវដល់អាជ្ញាធរឥណ្ឌា និងឥណ្ឌូណេស៊ី ឱ្យជួយ។ មនុស្សនៅលើទូកដែលបានរត់ភៀសខ្លួននោះ បានអះអាងថា ពួកគេមានការស្រេកឃ្លានយ៉ាងខ្លាំង ហើយមនុស្សជាច្រើនបានស្លាប់នៅលើទូក។

ទោះបីជាយ៉ាងណាក៏ដោយ កងទ័ពជើងទឹកឥណ្ឌា បានផ្តល់អាហារ និង ទឹកខ្លះៗ ជួយដល់ពួកគេ ហើយបានអូសទូករបស់ជនភៀសខ្លួននេះ ត្រឡប់ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ជាកន្លែងដែលពួកគេបានរសាត់អណ្ដែត នៅលើសមុទ្រ អស់រយៈពេលជាច្រើនថ្ងៃ ដែលមានចម្ងាយប្រហែល ១ ៩០០គីឡូម៉ែត្រ ពីកន្លែងដែលពួកគេធ្លាប់រស់នៅ៕

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *