សហគមន៍អឺរ៉ុប កាលពីថ្ងៃទី ២៦ខែមេសា បានចាប់ផ្តើមដំណើរការផ្លូវច្បាប់ ប្តឹងក្រុមហ៊ុនផលិតវ៉ា់ក់សាំង AstraZeneca របស់អង់គ្លេស ។
នៅក្នុងសេចក្តីប្រកាស របស់ គណៈកម្មការអឺរ៉ុប បានបញ្ជាក់ថា អឺរ៉ុបបានសម្រេចប្តឹង AstraZeneca ដោយសារតែ ក្រុមហ៊ុននេះមិនគោរពដល់កិច្ចព្រមព្រៀង ហើយមិនមានគម្រោង គួឲ្យទុកចិត្ត ក្នុងការបញ្ចូនវ៉ាក់សាំង មកឲ្យអឺរ៉ុប តាមពេលកំណត់។ ការសម្រេចប្តឹងក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់អង់គ្លេស គឺទទួលបានការគាំទ្រពីប្រទេសជាសមាជិកទាំង ២៧ប្រទេស។
ភ្លាមៗនោះដែរ ក្រុមហ៊ុន AstraZeneca បានប្រតិកម្មភ្លាម ៗ ដោយរិះគន់យ៉ាងខ្លាំងដល់សហគន៍អឺរ៉ុប។ ទន្ទឹមនិងនោះក្រុមហ៊ុនបានប្រកាសថា នឹងធ្វើគ្រប់យ៉ាងដើម្បីការពារក្រមហ៊ុនចំពោះមុខតុលាការ។
ការសម្រេចប្តឹង ក្រុមហ៊ុន AstraZeneca ពីសំណាក់សហគមន៍អឺរ៉ុប កើតឡើងក្រោយមានវិវាទ ជាច្រើនថ្ងៃកន្លងមក ពាក់ព័ន្ធការផ្គត់ផ្គង់ វ៉ាក់សាំង តាមពេលកំណត់ ។ ក្រុមហ៊ុន AstraZeneca បានសម្រេចកាត់បន្ថយការផ្គត់ផ្គង់ដល់អឺរ៉ុប ដល់ទៅ ៦០% ក្នុងឆមាសទី ១ឆ្នាំ ២០២១ ដោយមូលហេតុ មានបញ្ហាមួយចំនួននៅក្នុងការផលិត ។ សកម្មភាពនោះបានធ្វើឲ្យសកម្មភាពចាក់វ៉ាក់សាំងបង្កា នៅក្នុងប្រទេសជាសមាជិកអឺរ៉ុបមានសភាពយឺតយ៉ាវ ។
តាមកិច្ចព្រមព្រៀង AstraZeneca នឹងផ្តល់វ៉ាក់សាំងឲ្យអឺរ៉ុប ៨០លានដូសក្នុងឆមាសទីមួយឆ្នាំ ២០២១ បុន្តែមកទល់ពេលនេះ AstraZenecaទើបតែផ្តល់ជូនបានតែ ៣០ លាដូសប៉ុណ្ណោះ៕