កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ អាជ្ញាធរវេណេស៊ុយអេឡាបានឱ្យដឹងថា មនុស្សយ៉ាងហោច២៥នាក់ បានស្លាប់ និង៥២នាក់កំពុងបាត់ខ្លួន បន្ទាប់ពីដងទន្លេតូចៗចំនួន៥ នៅភាគកណ្តាលប្រទេស បានជន់លិចដោយសារតែការធ្លាក់ភ្លៀងខ្លាំង។
អនុប្រធានាធិបតីវេណេស៊ុយអេឡា លោកស្រី ដេលស៉ី រ៉ូឌ្រីហ្គេស (Delcy Rodriguez) បានប្រាប់ថា ទឹកភ្លៀងដែលមានបរិមាណស្មើនឹង កម្រិតទឹកភ្លៀងធម្មតាជាមធ្យមសម្រាប់រយៈពេល១ខែ គឺបានធ្លាក់ក្នុងរយៈពេលត្រឹមតែ ៨ម៉ោងប៉ុណ្ណោះ កាលពីចុងសប្តាហ៍កន្លងទៅនេះ ហើយទឹកជំនន់បានហូរនាំដើមឈើធំៗ ដីភក់ និងកម្ទេចកម្ទីផ្សេងៗ ពីតំបន់ភ្នំនៅក្បែរខាង ចូលទៅក្នុងក្រុង តេចេរីយ៉ាស់ (Tejerias) ដែលនៅចម្ងាយជិត៧០គីឡូម៉ែត្រ ពីភាគនិរតីនៃរដ្ឋធានីការ៉ាកាស់ ហើយបង្កឱ្យអាជីវកម្មនិងផ្ទៃដីស្រែចម្ការនៅទីនោះ ទទួលរងការខូចខាត។
លោកស្រី រ៉ូឌ្រីហ្គេស បានបន្តថា អាទិភាពនាពេលនេះ គឺផ្តោតលើការស្វែងរកប្រជាជន ដែលនៅជាប់ខ្លួនក្រោមល្បាប់ភក់និងដុំថ្ម នៅក្នុងក្រុង តេចេរីយ៉ាស់ ខណៈកងកម្លាំងយោធា និងបុគ្គលិកផ្នែកជួយសង្រ្គោះ កំពុងរុករកអ្នករស់រានមានជីវិត នៅតាមបណ្តោយច្រាំងទន្លេដែលជន់លិច។ រីឯប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសដាក់កន្លែងរងគ្រោះខ្លាំងជាងគេនេះ ជាតំបន់គ្រោះមហន្តរាយ រួមជាមួយការកាន់ទុក្ខរយៈពេល៣ថ្ងៃ។
គួរបញ្ជាក់ថា មកទល់ពេលនេះ ចំនួនអ្នកស្លាប់សរុបកើនដល់យ៉ាងតិច៤០នាក់ហើយ នៅក្នុងប្រទេសវេណេស៊ុយអេឡា ដោយសារតែការធ្លាក់ភ្លៀង បង្កឡើងដោយបាតុភូតអាកាសធាតុ ឡា នីណា៕