អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានព្រមានពីសង្គ្រាមលោកលើកទីបី ប្រសិនបើសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន មិនបញ្ចប់ដោយសន្តិភាពក្នុងពេលឆាប់ៗនេះ។ លោកត្រាំបានលើកឡើងថា «បច្ចុប្បន្ន កំពុងតែមើលឃើញយ៉ាងច្បាស់ពីសង្គ្រាម រុស្ស៊ីនិងអ៊ុយក្រែនកាន់តែកើនកម្តៅខ្លាំងឡើង»។
លោកត្រាំក៏បានស្នើឲ្យមានកិច្ចពិភាក្សា ជាបន្ទាន់ដើម្បីបញ្ចប់សង្គ្រាម បើមិនដូច្នោះទេ យើងនឹងប្រឈមសង្គ្រាមលោកលើកទីបី ដោយសារប្រទេសទាំងពីរមិនមានអ្វីស្តាយស្រណោះទៀតឡើយ។
ក្រោយពេលដែលអ៊ុយក្រែន វាយប្រហារបំផ្ទុះគ្រាប់រំសេវផ្ទុកនៅលើរថយន្ត លើស្ពានគ្រីមៀ របស់រុស្ស៊ី ទីក្រុងមូស្គូ កំពុងតែត្រៀមលក្ខណៈវាយប្រហារទ្រង់ទ្រាយធំទៅលើទីតាំងនានារបស់អ៊ុយក្រែន។ រុស្ស៊ីក៏បានបញ្ចេញមេទ័ពដៃឆៅ ក្នុងការដឹកនាំសង្គ្រាមនៅអ៊ុយក្រែនផងដែរ ។
ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចោទប្រកាន់អ៊ុយក្រែនថា គឺជាអ្នកនៅពីក្រោយទង្វើដែលលោកចាត់ទុកជា ការវាយប្រហារភេរវកម្មនៅលើស្ពានដ៏សំខាន់ ដែលតភ្ជាប់ឧបទ្វីបគ្រីមៀជាមួយប្រទេសរុស្ស៉ី។ ក្នុងសារជាវីដេអូមួយ កាលពីថ្ងៃអាទិត្យកន្លងទៅ លោកប្រធានាធិបតីរុស្ស៉ី បាននិយាយយ៉ាងដូច្នេះថា «គ្មានអ្វីត្រូវសង្ស័យនោះទេ។ នេះគឺជាអំពើភេរវកម្ម ដែលមានគោលដៅបំផ្លិចបំផ្លាញ ហេរដ្ឋារចនាសម្ព័ន្ធស៉ីវិលសំខាន់ៗបំផុត។ សកម្មភាពនេះ ត្រូវបានរៀបចំ ប្រព្រឹត្ត និងបញ្ជាដោយ ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់ និងសន្តិសុខជាតិរបស់អ៊ុយក្រែន»។
ការលើកឡើងខាងលើរបស់លោក ពូទីន គឺស្របពេលដែលរូបលោក ត្រៀមដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ នាថ្ងៃចន្ទនេះ ជុំវិញហេតុការណ៍នៅស្ពានគ្រីមៀ។ ទន្ទឹមគ្នានេះ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ បានព្រមានដូច្នេះថា «ការឆ្លើយតបតែមួយគត់របស់រុស្ស៉ីចំពោះបទឧក្រិដ្ឋនេះ គឺសម្លាប់ពួកភេរវករផ្ទាល់តែម្តង ហើយវាគឺជាអ្វីដែលប្រជាពលរដ្ឋរុស្ស៉ីរំពឹងចង់ឱ្យធ្វើផងដែរ»៕