ដូហា៖ នេះបើយោងតាមសារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានលើកឡើងថា លោកនឹងមិនទាន់ចូលនិវត្តន៍ពីជម្រើសជាតិនោះទេ បន្ទាប់ពីបានជួយក្រុមអាហ្សង់ទីន ដណ្តើមបានពានរង្វាន់ World Cup ជាលើកដំបូង ក្នុងរយៈពេល ៣៦ឆ្នាំ។
ខ្សែប្រយុទ្ធលេងឲ្យក្លិបបារាំង Paris St-Germain រូបនេះ ត្រូវបានសួរនាំអំពីអនាគតដោយទូរទស្សន៍អាហ្សង់ទីន TyC Sports បន្ទាប់ពីក្រុមនៅតំបន់អាមេរិកខាងត្បូងនេះ បានយកឈ្នះលើក្រុមបារាំង ក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី ៤-២ ក្រោយប្រកួត ១២០នាទីក្នុងលទ្ធផលស្មើ ៣-៣។ Messi នឹងឈានចូលវ័យ ៣៦ឆ្នាំនៅឆ្នាំក្រោយ ប៉ុន្តែជឿជាក់ថាលោកនៅតែអាចលេងបានសម្រាប់ក្រុមជម្រើសជាតិរបស់លោក។
«ខ្ញុំស្រឡាញ់បាល់ទាត់។ វាជាអ្វីដែលខ្ញុំធ្វើ» Messi បានលើកឡើង។ «ខ្ញុំរីករាយ ក្នុងការលេងឲ្យក្រុមជម្រើសជាតិ ហើយចង់បន្តលេង តាមរយៈបទពិសោធន៍ពីរបីប្រកួតថែមទៀត ក្នុងនាមជាក្រុមម្ចាស់ពានរង្វាន់ជើងឯកពិភពលោក»។
Messi ដែលបានលេង ៥លើកហើយ ក្នុងព្រឹត្តិការណ៍ World Cup នោះ បានស៊ុតបញ្ចូលទី ២គ្រាប់ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ហើយក៏បានស៊ុតបាល់បញ្ចូលទី ១គ្រាប់ ក្នុងវគ្គស៊ុតបាល់ប៉េណាល់ទីផងដែរ។
លោកបានឈ្នះពានរង្វាន់បាល់មាស (Golden Ball) នៃព្រឹត្តិការណ៍នេះ ជាពានរង្វាន់ផ្តល់ជូនកីឡាករដែលល្អបំផុត បន្ទាប់ពីរកបាន ៧គ្រាប់ ក្នុងព្រឹត្តិការណ៍៤ មាន ៤ឆ្នាំម្តងនេះ៕